
ក្នុងនោះ ប្រទេសលោកខាងលិច ពិសេសអាមេរិក ដែលជាមហាលេខ១ក្នុងលោកនោះ ជារឿយៗតែងតែព្រមានចិនម្ដងហើយម្ដងទៀត ថាកុំឲ្យត្រូវដងត្រូវផ្លែជាមួយរុស្ស៊ី ក្នុងរឿងសង្គ្រាមនៅអ៊ុយក្រែននេះឲ្យសោះ បើពុំនោះទេ ចិនក៏ត្រូវរងទណ្ឌកម្មពីលោកខាងលិចដែរ។
ក្រោយពីអាមេរិកបារម្ភផង ព្រមានផង ទៅកាន់ប្រទេសចិន គេសង្កេតឃើញថា ចិនក៏មានការប្រុងប្រយ័ត្នខ្លួនកាន់តែខ្ពស់ជាមុនដែរ សម្រាប់ទំនាក់ទំនងជាមួយនឹងទីក្រុងម៉ូស្គូ។ យ៉ាងណាមិញ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិក ត្រូវបានស្រង់សម្ដីដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៣ខែឧសភានេះ បានឲ្យដឹងថា ក្នុងរយៈពេលជាង២ខែមកនេះ អាមេរិកមិនបានរកឃើញថា ចិនបានពាក់ព័ន្ធនឹងការផ្ដល់ជំនួយយោធា និងសេដ្ឋកិច្ចដល់រុស្ស៊ី នៅក្នុងសង្គ្រាមនៅអ៊ុយក្រែននោះទេ ដែលប្រការនេះ គឺជារឿងល្អមួយដែរ សម្រាប់បន្ធូរទំនាក់ទំនងរវាងចិន និងអាមេរិក ដែលកំពុងតែតានតឹងខ្លាំងទៅហើយនោះ។
មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់នៅក្នុងសារព័ត៌មានរ៉យទ័រថា នៅប៉ុន្មានថ្ងៃថ្មីៗនេះ គេនៅតែបារម្ភអំពីជំហរគាំទ្ររបស់ចិនសម្រាប់រុស្ស៊ី ក្នុងទិដ្ឋាភាពជាទូទៅ ប៉ុន្ដែមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ គូសបញ្ជាក់ដែរថា សម្រាប់ការគាំទ្ររបស់ចិនលើផ្នែកយោធា និងសេដ្ឋកិច្ច សម្រាប់ទីក្រុងម៉ូស្គូ គឺមិនបានកើតមានឡើងនោះទេ គិតមកទល់ពេលនេះ។ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកចាត់ទុកថា នេះគឺជាការធូរស្បើយមួយ នៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក នៅចំពេលដ៏សំខាន់។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កំពុងរៀបចំដំណើរទស្សនកិច្ចនៅអាស៊ី នៅចុងខែឧសភានេះ ដោយនឹងផ្ដោតលើការពិភាក្សាអំពីដំណោះស្រាយ សម្រាប់ទប់ទល់ទៅនឹងការរះឡើងនៃមហាអំណាចចិន ហើយរដ្ឋបាលលោកចូបៃឌិន នៅក្នុងពេលឆាប់ៗខាងមុខនេះ ក៏នឹងបង្ហាញឡើងនូវយុទ្ធសាស្ត្រសន្ដិសុខជាតិលើកដំបូងរបស់ខ្លួន ដើម្បីទប់ទល់នឹងការលេចឡើងនៃអំណាចដ៏ខ្លាំក្លារបស់មហាយក្សចិននេះផងដែរ។
ងាកទៅមើលជំហរចិនចំពោះរុស្ស៊ីវិញ! ដើម្បីជៀសវាងកុំឲ្យមានការចោទប្រកាន់ពីលោកខាងលិចថា ចិនមានកិច្ចខិតខំប្រឹងប្រែងជួយរុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន គេសង្កេតឃើញថា រដ្ឋអំណាចទីក្រុងប៉េកាំងបានគេចវេះ ពីការចុះសន្យាថ្មីៗ រវាងក្រុមហ៊ុនប្រេងរបស់រដ្ឋចិន ជាមួយនឹងរុស្ស៊ី បើទោះបីជា រុស្ស៊ីលក់ប្រេងបញ្ចុះតម្លៃក៏ដោយ។
ជាក់ស្ដែង កាលពីខែមីនា ក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ គឺ Sinopec Group បានផ្អាកកិច្ចពិភាក្សាអំពីការវិនិយោគលើគម្រោងគីមីឥន្ធនៈដ៏សំខាន់ និងការបណ្ដាក់ទុនទីផ្សារឧស្ម័ននៅក្នុងប្រទេសរុស្ស៊ីផងដែរ។
សូមបញ្ជាក់ថា ប្រទេសចិន បានព្យាយាមរក្សាគោលជំហររបស់ខ្លួននៅកណ្ដាល ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែននេះ ដោយចិនមិនបានចេញមុខថ្កោលទោសរុស្ស៊ី ចំពោះសង្គ្រាមឈ្លានពាននៅអ៊ុយក្រែននោះទេ ហើយក៏មិនបានគាំទ្រចំពោះសង្គ្រាមនេះដែរ។ ភាគីចិន តែងតែស្នើឲ្យ ភាគីជម្លោះទាំងពីរ ស្វែងរកនូវកិច្ចចរចាសន្ដិភាពជាមួយគ្នា។ ទន្ទឹមនឹងនោះ ចិន ក៏ធ្លាប់បានឆ្លៀតទិតៀនលោកខាងលិចផងដែរថា ការផ្ដល់ជំនួយយោធា និងលុយកាក់ទៅឲ្យអ៊ុយក្រែននៅក្នុងសង្គ្រាមនេះ គឺដូចជាការចាក់សាំងបន្ថែមទៅលើភ្លើងដែលកំពុងឆាបឆេះដូច្នោះដែរ៕