
រូបបដិមាទាំងពីរនេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០២០ ហើយតំណាងមកពីស្ថានទូត និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមក្នុងកម្មវិធីប្រោះព្រំ តាមបែបពុទ្ធសាសនា និងបួងសួងសូមឲ្យទទួលបាននូវសេចក្តីសុខ ចម្រុងចម្រើន ពិសេសសូមឲ្យប្រជាជនលើពិភពលោកទាំងមូល គេចផុតពីជំងឺឆ្លងផ្លូវដង្ហើម COVID-19 ។ កម្មវិធីប្រោះព្រំនេះ ប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នាសារមន្ទីរជាតិ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Partick Murphy បានកោតសរសើរការបញ្ជូនមកវិញនៃបដិមាទាំងនេះ ដោយមានប្រសាសន៍ថា ៖ “ក្នុងពេលយើងអបអរសាទរ ការប្រារព្ធខួប៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ការប្រគល់វិញ នូវបដិមាទាំងពីរនាថ្ងៃនេះ គឺជាការរំលឹក នូវអ្វីដែលប្រទេសយើងទាំងពីរសម្រេចបានរួមគ្នា”។ ការប្រគល់មកវិញ នូវបដិមាទាំងនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈនៃការយោគយល់ (MoU) ដែលត្រូវបានចុះហត្ថលេខា នៅឆ្នាំ២០១៨ រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា”។ អនុស្សារណៈនេះ មានបំណងកាត់បន្ថយ ការលួចប្លន់វត្ថុបុរាណ ដែលតំណាងឲ្យបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។

លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ៖ “រាល់ការបញ្ជូនត្រឡប់មកវិញនៃវត្ថុបុរាណខ្មែរពីបរទេស គឺជាសក្ខីភាព ដែលបញ្ជាក់នូវចំណងមិត្តភាព ភាពជាដៃគូពិតប្រាកដ ប្រកបដោយកិច្ចសហប្រតិបត្តិការពេញលេញ ក្នុងពេលដែលកម្ពុជាមានសុខសន្តិភាពបរិបូណ៌ហើយលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេររិក ពិតជាអាចធ្វើបាន ក្នុងការបញ្ជូនមកវិញ នូវរូបបដិមាដែលត្រូវបាន គេយកចេញពីប្រទេសកម្ពុជា”។ ទោះបីជាមានបញ្ហាប្រឈម និងគ្រោះអាសន្នសម្រាប់សុខភាពពិភពលោកទាំងមូល ក៏ដូចជាវិធានការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផ្លូវដង្ហើមCOVID-19 យ៉ាងណាក៏ដោយ ក៏រូបបដិមាខ្មែរនៅតែមានបំណងវិលត្រឡប់មកមាតុភូមិរបស់យើងវិញ ដើម្បីជាប្រយោជន៍ដ៏ធំធេង និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជន”។

លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ “ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ គឺជាគំរូដ៏ល្អមួយនៃក្រុមជំនាញឯកទេស របស់បណ្តាទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយក៏ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការគ្នារបស់អ្នកជំនាញ នៅទូទាំងពិភពលោកនៅក្នុងការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការជួញដូរដោយខុសច្បាប់ នូវបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា។ ការងារសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ ជាមួយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក មិនត្រឹមតែការពារបេតិកភណ្ឌវប្បធម៌តែប៉ុណ្ណោះទេ តែថែមទាំងជាការឆ្លុះបញ្ចាំង និងពង្រឹងនូវការអនុវត្តអនុសញ្ញាឆ្នាំ១៩៧០ របស់អង្គការ UNESCO ស្តីពីមធ្យោបាយនៃការហាមប្រាម និងការពារកុំឲ្យមានការនាំចេញ–នាំចូល និងការផ្ទេរខុសច្បាប់នៃកម្មសិទ្ធិលើសម្បត្តិវប្បធម៌”។

រូបបដិមាទី១ គឺជាដងខ្លួនទេវរូប ភេទប្រុស ធ្វើពីថ្មភក់ ជាប្រភេទបដិមាទោល នៅសល់ដងខ្លួន គ្មានព្រះកេស ដៃទាំងពីរដាច់ត្រឹមដើមដៃ និងជើងទាំងពីរដាច់ត្រឹមភ្លៅ។ ដងខ្លួនរាងមូល ស្លៀកសំពត់មានភ្លីឆ្នូតបញ្ឈរតូចៗមានពាក់ខ្សែក្រវ៉ាត់រាងសំប៉ែត(ឆ្លាក់ក្បាច់បួនជ្រុងរាងដូចក្បាលខ្សែក្រវ៉ាត់) និងចង្កេះសំពត់ខាងក្រោយរាងខ្ពស់ជាងខ្សែក្រវ៉ាត់។ ផ្នែកខាងក្រោយឆ្លាក់ក្បាច់កន្ទុយក្បិនវាត់ឡើង មានជាយអមសងខាងធ្លាក់លើខ្សែក្រវ៉ាត់។ ចំណែកនៅលើសំពត់ និងក្បាលខ្សែក្រវ៉ាត់ខាងមុខសឹក និងមានស្នឹមមើលមិនស្គាល់ក្បាច់ចម្លាក់។ នៅលើតួបដិមាមានស្នឹម និងសឹកផ្នែកខាងក្រោយ មានស្នាមបែកតូចៗជាច្រើនកន្លែង ដូចជានៅលើខ្សែក្រវ៉ាត់ផ្នែកខាងស្ដាំ នៅលើចង្កេះខាងឆ្វេង និងនៅលើស្មា។ ទឹកដៃសិល្បៈ ជាស្នាដៃមិនសូវស្អាត ការឆ្លាក់ក្បាច់លម្អពុំសូវយកចិត្តទុកដាក់ ឬទឹកដៃសិល្បៈធ្លាក់ចុះ ដូចបដិមាខ្មែរមួយចំនួន ក្នុងរចនាបថឃ្លាំង ចុងស.វ.ទី១០ ដល់ដើមស.វ.ទី១១ គ.ស។ បដិមានេះ ត្រូវរឹបអូសបាននៅឆ្នាំ២០១៧ នៅពេលផ្នែកស៊ើបអង្កេតនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកនៅទីក្រុង San Francisco បានទទួលព័ត៌មានទាក់ទងនឹងការលក់ដេញថ្លៃ នៅកន្លែងលក់ដេញថ្លៃមួយ នៅ California។ ម្ចាស់នៅកន្លែងលក់ដេញថ្លៃនោះ បាននិយាយថា វត្ថុនោះ ត្រូវបាននាំចូលមកនៅឆ្នាំ១៩៩២ ដោយមានលិខិតបញ្ជាក់កន្លែងដើមចេញពីទីក្រុង Bangkok នៃប្រទេសថៃ ដោយដាក់ថា “ខ្លួនខ្មែរនៅអង្គរវត្ត”។ អ្នកជំនាញផ្នែកវត្ថុបុរាណ បានកំណត់ថា បដិមានេះ មានតម្លៃនៅលើទីផ្សារចំនួន ៧៥ ០០០ ដុល្លា។

រូបបដិមាទី២ គឺជាដងខ្លួនទេវរូបភេទប្រុស ផលិតពីថ្មភក់ពណ៌ប្រផេះ មានមាឌមាំ រូបភាពគ្មានចលនា ស្លៀកសំពត់ចងក្បិនមានភ្លីសេ នៅលើជង្គង់គឺមានផ្នត់រាបស្មើសាច់ នៅលើភ្លៅខាងឆ្វេងមានផ្នត់ធំៗលំនាំដូចជាហោប៉ៅ នៅចំពីមុខមានផ្នត់រាងកន្ទុយត្រីពីរជាន់ (ផ្នត់ខាងលើខ្លី និងផ្នត់ខាងក្រោមវែង) ពាក់ខ្សែក្រវ៉ាត់លាតពីរជាន់។ ស្ថានភាពដងខ្លួនទេវរូប គឺបាត់ព្រះសិរត្រឹមក ដាច់ព្រះហស្ថសងខាងត្រឹមក្លៀក បាក់ជើងស្តាំក្រោមជង្គង់ និងជើងឆ្វេង នៅសល់ត្រឹមភ្លៅ។ សរុបមក ដងខ្លួនទេវរូបនេះ អាចមានប្រភពចេញពីប្រាសាទបាសែត ខេត្តបាត់ដំបង ក្នុងរចនាបថកោះកេរ រវាងសតវត្សទី១០ ឬជាដងខ្លួនព្រះព្រហ្ម ក្នុងរចនាបថឃ្លាំងនាចុងសតវត្សទី ១០ និងដើមសតវត្សទី ១១ ។ បដិមានេះ ត្រូវបានរឹបអូសពីជនល្មើស នៅខែកញ្ញា ឆ្នាំ២០០៥ នៅពេលក្រសួងសន្តិសុខមាតុភូមិ ផ្នែកគយ និងការពារព្រំដែន និងផ្នែកស៊ើបអង្កេតរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង Los Angeles រឹបអូសបានពីក្នុងទំនិញមួយផ្នែកដែលបានមកដល់សហរដ្ឋអាមេរិក ពីប្រទេសថៃ។ អ្នកជំនាញ ប្រមាណថា បដិមានេះមានតម្លៃប្រហែល ១២០ ០០០ ដុល្លា នៅលើទីផ្សារ។
ស្របតាមបញ្ញតិរបស់ខ្លួន រួមទាំងអនុសញ្ញាស្តីពីច្បាប់អនុវត្តលើសម្បត្តិវប្បធម៌ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការរឹតត្បិតលើការនាំចូល ទៅក្នុងសហរដ្ឋអាមេរិកនូវវត្ថុបុរាណមួយចំនួន រាប់ពីវត្ថុពីសម័យសំរឹទ្ធ (១៥០០ ឆ្នាំមុនគ.ស) រហូតដល់យុគសម័យខ្មែរ (ឆ្នាំ១៦០០ ក្រោយគ.ស) ដែលអាចរួមមានប្រភេទផ្សេងៗ ដូចជាថ្ម លោហធាតុ កុលាលភាជន៍ អង្កាំ និងឆ្អឹង ដែលត្រូវបានកំណត់អត្តសញ្ញាណដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក លុះត្រាតែរដ្ឋាភិបាលកម្ពុជាចេញអាជ្ញាប័ណ្ណមួយដែលបញ្ជាក់ថា ការនាំចេញបែបនេះមិនរំលោភទៅលើច្បាប់របស់ខ្លួនទេ៕