នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានសឹង្ហបុរី CNA។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក មើកលី ( Merkley ) បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមចុងសប្ដាហ៍មុនថា «សប្តាហ៍ក្រោយរដ្ឋមន្ត្រីការបរទេស លោក ប្លីនខិន នឹងមកកាន់ទីនេះ»។ ទោះយ៉ាងណា គម្រោងដំណើរទស្សនកិច្ចរបស់លោក ប្លីខិន ( Blinken ) ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ ត្រូវបានបង្ហើបឱ្យដឹង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ( Joe Biden) បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីសប្តាហ៍មុន ជាមួយប្រធានបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូជុង។
សហរដ្ឋអាមេរិកសង្ឃឹមថាខ្លួននឹងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយទីក្រុងហាណូយនៅឆ្នាំនេះ ស្របពេលដែលខួបលើកទី១០ នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម នឹងមកឈានមកដល់នាខែកក្កដា។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ ត្រូវបានគេរំពឹងថាអាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនៅថ្ងៃសៅរ៍ មុនពេលរូបលោកបន្តដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7) ក្នុងប្រទេសជប៉ុន ពីថ្ងៃទី ១៦ ដល់ទី ១៨ ខែមេសា។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏ត្រូវបានគេដឹងថាកំពុងមានទំនោរងាកមករកសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួន គឺប្រទេសវៀតណាមដែរ គឺដើម្បីពង្រឹងទំនាក់ទំនងការទូត និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ខណៈក្រុងម៉ូស្គូប្រឈមនឹងភាពឯកោកាន់តែខ្លាំងឡើង ក្រោយការចូលឈ្លានពានអ៊ុយក្រែន។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ឈើន្នីសិនកូ ( Dmitry Chernyshenko ) បានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ជាមួយទីក្រុងហាណូយ។
លោក Chernyshenko និងសមភាគីវៀតណាម លោក ត្រាន់ ហុង ហា ( Tran Hong Ha ) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ រវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានប្រាប់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ត្រាន់ ហុង ហា ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានចាត់ទុកការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពរបស់រុស្ស៊ីក្នុងគោលនយោបាយការបរទេសរបស់ខ្លួនសម្រាប់តំបន់»។
កិច្ចព្រមព្រៀងទាំងពីរនោះរួមមាន៖ «ទីមួយរុស្ស៊ីនឹងបង្កើតមជ្ឈមណ្ឌលបញ្ញាសិប្បនិមិត្តនៅទីក្រុងហាណូយ ជាមួយនឹងមហិច្ឆតាដើម្បីធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ កិច្ចព្រមព្រៀងមួយទៀតគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលាវិទ្យាសាស្ត្រសង្គមនៃប្រទេសទាំងពីរ៕
ជាការពិត ប្រទេសអាស៊ីអាគ្នេយ៍ និងជាប្រទេសក្បែរខាងកម្ពុជាមួយនេះគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ីក្នុងពិភពលោក។ ខណៈកាលពីពេលកន្លងទៅដែលទីក្រុងហាណូយតែងតែលើកឡើងឱ្យមានកិច្ចសន្ទនដើម្បីដោះស្រាយបញ្ហានៅអ៊ុយក្រែន។ មួយវិញទៀត វៀតណាមតែងប្រកាន់ជំហរអព្យាក្រឹតជានិច្ច និងបានបដិសេដថ្កោលទោសការឈ្លានពានរុស្ស៊ីជាច្រើនដងនៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិកាលពីពេលកន្លងទៅ៕