លោកស្រី ខាតធឺរីន តៃ (Katherine Tai) តំណាងសភាពាណិជ្ជកម្មអាមេរិកបានប្រាប់ Reuters ឲ្យដឹងថា ការផ្អាកពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្វើឡើងរហូតដល់ពេល ដែលប្រទេសភូមា វិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យវិញ ជាមួយនឹងរដ្ឋាភិបាលដែលកើតឡើងពីការបោះឆ្នោតដោយស្របច្បាប់។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិក លោកស្រី ខាតធឺរីនបន្តថា ការកាប់សម្លាប់លើបាតុករ ដែលធ្វើការទាមទារដោយសន្តិវិធី សិស្សនិស្សិត កម្មករនិយោជិត រួមទាំងកុមារផងនោះ បានធ្វើឲ្យសហគមន៍អន្តរជាតិមានការតក់ស្លុតយ៉ាងខ្លាំង។
គួររំឭកផងដែរថា ការសម្រេចចិត្តឲ្យផ្អាកពាណិជ្ជកម្មជាមួយភូមានេះ ត្រូវបានធ្វើឡើង ១ថ្ងៃប៉ុណ្ណោះ ក្រោយពីក្រុមយោធាបានបើកការបង្ក្រាបលើបាតុករយ៉ាងបង្ហូរឈាមបំផុត និងបានបណ្តាលឲ្យមានអ្នកស្លាប់រហូតដល់ទៅជាង ១៤០នាក់ក្នុងពេលត្រឹមមួយថ្ងៃ ហើយក្នុងនោះ មានកុមារជាង ១០នាក់ផងដែរបានស្លាប់បាត់បង់ជីវិត។
ទន្ទឹមនឹងការឆ្លើយតបពីសហរដ្ឋអាមេរិក ប្រទេសរួមតំបន់ជាមួយភូមាមួយចំនួន បានចេញមកបង្ហាញប្រតិកម្មខុសៗគ្នា ជុំវិញអំពើហិង្សាដ៏សាហាវកាលពីចុងសប្តាហ៍មុននេះ។
ក្នុងនោះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីណាន់ (Vivian Balakrishnan) បានហៅស្ថានការណ៍នៅភូមាក្នុងពេលបច្ចុប្បន្ននេះថាជា«សោកនាដកម្ម»ដែលត្រូវការពេលវេលាយូរក្នុងការដោះស្រាយ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដដែលរួបនេះបានបន្តថា អាស៊ាន (ASEAN) ដែលមានសមាជិកទាំងអស់១០ប្រទេស ត្រូវតែជាអ្នកដើរតួនាទីយ៉ាងសំខាន់បំផុតដើម្បីផ្តល់ដំណោះស្រាយបញ្ហានៅភូមា។
ជារឿយៗលោក វីវៀន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី តែងចេញមុខមករិះគន់អំពើហិង្សានៅភូមាពីសំណាក់ក្រុមយោធាលើពលរដ្ឋស្លូតត្រង់ ថែមទាំងបានជំរុញឲ្យអាស៊ានរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយឲ្យប្រទេសនិងប្រជាជនភូមាទៀតផង។
គួរបញ្ជាក់ដែរថា មិនមែនមានតែសិង្ហបុរីមួយទេ ដែលជំរុញឲ្យអាស៊ានរកដំណោះស្រាយ ប្រទេសសមាជិកដទៃទៀតរួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភីលីពីន និងវៀតណាមជាដើម តែងតែទទូចឲ្យអាស៊ានមានកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីចូលរួមដោះស្រាយវិបត្តិដ៏ក្តៅគគុក នៅភូមានេះ។
ប្រទេសវៀតណាម តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានលើកឡើងថា វៀតណាមបានត្រៀមរួចជាស្រេចទៅហើយ ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន ដោយសហការជាមួយប្រទេសអាស៊ានដទៃទៀត រិះរកមធ្យោបាយទាំងឡាយណា ឲ្យបានសមរម្យមួយ ដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា។ លើសពីនេះ វៀតណាមគាំទ្រឱ្យមានកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន តាមសំណើរបស់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នេះបើសារព័ត៌មាន Vietnam News ចុះផ្សាយ។
ចំណែកឯថៃ ដែលជាប្រទេសនៅក្បែរខាងជាមួយភូមាឯណេះវិញ ក៏បានប្រកាសថាខ្លួន កំពុងត្រៀមទទួលយកជនភៀសខ្លួនដែលកំពុងកើនឡើងនៅតាមព្រំដែន ស្របពេលដែលយោធាភូមាផ្តើមវាយប្រហារជនជាតិការ៉ែន ដែលរស់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ។
ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា ក៏បានចេញមុខធ្វើការច្រានចោលចំពោះការលើកឡើងដែលថា ថៃបានគាំទ្ររបបសឹកភូមា តាមរយៈការផ្តល់ស្បៀងអាហារទៅឲ្យក្រុមយោធាភូមាទាំងនោះ។
សូមបញ្ជាក់ថា ទិន្នន័យចុងក្រោយពីខាងអង្គការជួយអ្នកទោសនយោបាយនៅភូមា ហៅកាត់ថា AAPP គិតត្រឹមថ្ងៃទី៣០មីនា ពលរដ្ឋភូមាស្លាប់ដោយសារការបង្ក្រាបរបស់របបសឹកយោធាភូមាបានកើនឡើងដល់ ៥១០នាក់ហើយ ដែលចំនួនអ្នកស្លាប់ត្រូវបានគេជឿថា នឹងមានការកើនឡើងជាបន្តបន្ទាប់រៀងរាល់ថ្ងៃ៕