រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងខេន (Antony Bliken) បានបញ្ជាក់អះអាងជាថ្មីចុងក្រោយនេះថា សហរដ្ឋអាមេរិកនឹងប្រកាសប្រាប់ជាសាធារណៈស្តីពីផែនការនៃការបែងចែកវ៉ាក់សាំង ៨០លានដូសដល់ពិភពលោក ពិសេសដល់ប្រទេសក្រីក្រ។ តើសហរដ្ឋអាមេរិក នឹងផ្តល់វ៉ាក់សំាងឲ្យប្រទេសណាខ្លះ ឬ ភាគីមួយណាខ្លះ និង តាមរយៈអ្វី?
លោក អេនតូនី ប្លីងខេន បានបន្តគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងផ្តោតលើការចែកចាយវ៉ាក់សាំងដោយស្មើភាព និងមិនប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយដាច់ខាត។ ក្នុងន័យនេះ អាមេរិកគ្មានអ្វីក្រៅតែពីចែករំលែកវ៉ាក់សាំង តាមរយៈយន្តការ Covax របស់អង្គការសុខភាពពិភពលោកនោះទេ ដោយហេតុថា អាមេរិកបានបញ្ជាក់ពីការបែងចែក ដោយស្មើភាព។
ការលើកឡើងចំៗពីមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនបែបនេះ ទំនងជាមានចេតនារិះគន់លើក្រុងប៉េកាំង ដែលកន្លងមកត្រូវបានគេចោទថា ប្រើប្រាស់វ៉ាក់សាំងដើម្បីទទួលបានឥទ្ធិពលនយោបាយ។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ ប៉ៃឌិន ក៏ធ្លាប់បានអះអាងដែរថា ក្នុងចំណោមវ៉ាក់សាំងទាំង៨០លានដូស ដែលអាមេរិកគ្រោងនឹងចែករំលែក មានវ៉ាក់សាំង២០លានដូសជាប្រភេទ Pfizer, Moderna និង Johnson & Johnson ក៏នឹងត្រូវចែករំលែកដល់ប្រទេសដទៃផងដែរ។ វ៉ាក់សាំងទាំងនេះ សុទ្ធតែជាប្រភេទវ៉ាក់សាំង ដែលអាមេរិកផលិតបានដោយខ្លួនឯង។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកជារឿយៗបានរងការរិះគន់ពីប្រទេសចិន ពីអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិនានា ពីការស្តុកទុកវ៉ាក់សាំងតែឯងច្រើនលើសតម្រូវការ និងក្នុងនាមជាមហាអំណាចមួយដែរ ប៉ុន្តែមិនព្រមបែងចែកវ៉ាក់សាំងដល់ពិភពលោកដែលកំពុងខ្វះខាត។ យើងនឹងរងចាំតាមដានបន្តថា តើអាមេរិកនឹងបែងចែកវ៉ាក់សាំងតាមការសន្យាដែរឬទេ? ហើយថាតើអាមេរិកនិងបែងចែកវ៉ាក់សាំងដោយរបៀបណា?