លោកស្រី ហារីសបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុង ក្រោយជំនួបពិភាក្សាថា៖ វានៅមានពេលច្រើនទៀត ដើម្បីវិភាគពីអ្វីដែលបានកើតឡើងនៅអាហ្វហ្គានីស្ថាន ក្រោយការដកកងទ័ពអាមេរិកចេញពីប្រទេសមួយនេះ។ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡាបញ្ជាក់បន្ថែមថា អ្វីដែលអាមេរិកផ្តោតសំខាន់ពេលនេះគឺត្រូវជម្លៀសពលរដ្ឋអាមេរិក ក៏ដូចជាពលរដ្ឋអាហ្វហ្គានីស្ថានណា ដែលបម្រើការឲ្យអាមេរិក ពិសេសស្ត្រី និងកុមារ ចេញពីប្រទេសមួយនេះសិន។
ការលើកឡើង របស់អនុប្រធានាធិបតីអាមេរិកដូចនេះ ធ្វើឡើងនៅបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលលោក ចូ បៃឌិន បានរងការរិះគន់ចំៗពីប្រទេសចិន និងប្រទេសដទៃទៀតដែលមិនមែនជាសម្ព័ន្ធមិត្តអាមេរិក ជុំវិញការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ដែលពួកគេរិះគន់ថា ជាការធ្វើឡើងលឿនរហ័សពេក បណ្តាលឲ្យអាហ្វហ្កានីស្ថានធ្លាក់ក្នុងភាពចលាចល។
គួរជម្រាបថា បញ្ហានៅអាហ្វហ្គានីស្ថាន មិនមែនជាប្រធានបទតែមួយដែលមន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ លើកយកមកពិភាក្សាក្នុងដំណើរទស្សនកិច្ចនៅសិង្ហបុរីនោះទេ ប៉ុន្តែនៅមានបញ្ហាជាច្រើនទៀត ដោយក្នុងនោះ សំណុំរឿងដ៏ក្តៅគគុកសមុទ្រចិនខាងត្បូងក៏ត្រូវបានអាមេរិកនិងសិង្ហបុរីយកមកដាក់លើតុពិភាក្សាផងដែរ។
អនុប្រធានាធិបតីរូបនេះដដែលបានសង្កត់ធ្ងន់ថា៖ អាមេរិកប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសសម្ព័ន្ធមិត្ត និង ប្រទេសជាដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងជំហគាំទ្រ និងគោរពច្បាប់អន្តរជាតិ ព្រមទាំងសេរីភាពនាវាចរណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
គួរកត់សម្គាល់ថា តំបន់ជម្លោះសមុទ្រចិនខាងត្បូង ជាផ្លូវទឹកយុទ្ធសាស្ត្រដ៏មានសក្តានុពលនិងសម្បូរទៅដោយប្រេង និងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់ ហើយតំបន់នេះត្រូវបាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេទាមទារចំណែករៀងៗខ្លួន ខណៈចិនវិញទាមទារស្ទើរតែទាំងស្រុងនៅផ្ទៃទឹក។
សូមបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ច ដែលមានបំណងពង្រឹងទំនាក់ទំនងជាមួយដៃគូនៅក្នុងតំបន់ ហើយជាផ្នែកមួយនៃការខិតខំរបស់ក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំង ឥទ្ធិពលសេដ្ឋកិច្ច និងសន្តិសុខរបស់ចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់។ លោកស្រី ហារីស នឹងបន្តដំណើរទស្សនកិច្ចទៅប្រទេសវៀតណាម បន្តទៀត ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅសិង្ហបុរី៕