អាមេរិកសច្ចាបន្តប្រកួតប្រជែងជាមួយចិន

អាមេរិកសច្ចាបន្តប្រកួតប្រជែងជាមួយចិន ប៉ុន្ដែនឹងមិនបង្កឲ្យមានសង្គ្រាមត្រជាក់ថ្មីនោះទេ


មហាអំណាចសេដ្ឋកិច្ចលេខ១ពិភពលោក សហរដ្ឋអាមេរិក បានសច្ចាថា នឹងបន្តប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក គឺប្រទេសចិន ដើម្បីប្រយោជន៍សេដ្ឋកិច្ចនិងប្រជាធិបតេយ្យតែអាមេរិកអះអាងថាមិនមានសង្គ្រាមត្រជាក់ថ្មីនោះទេ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ថ្លែងទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ

ទោះ​មិន​បាន​និយាយ​ចំ​ៗ​ទៅ​លើ​ប្រទេស​ចិន ដូចដែល​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ធ្លាប់​បាន​និយាយ​កន្លង​មក​ក្ដី ប៉ុន្តែ​លោក ចូ បៃ​ឌិន នៅ​តែ​បង្ហាញ​ពី​ជំហរ​យ៉ាង​រឹង​មាំ​ក្នុង​ការ​រួបរួម​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក ដើម្បី​ប្រកួតប្រជែង​ទាំង​ផ្លូវ​នយោបាយ និង​សេដ្ឋកិច្ច​។ ការ​ប្រកួតប្រជែង ដែល​លោក​បៃ​ឌិន ទំនងជា​ចង់​សំដៅ​ដល់ គូប្រជែង​តែ​មួយ​គត់​របស់​អា​មេ​រិ​ក គឺ​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

«​សហរដ្ឋអាមេរិក​នឹង​ដឹកនាំ​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​មួយ ជាមួយ​គុណ​តម្លៃ និង​កម្លាំង​រួបរួម​គ្នា​របស់​យើង ដើម្បី​សេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ យើង​នឹង​ក្រោកឈរ​ឡើង​ដើម្បី​សម្ព័ន្ធមិត្ត និង​មិត្តភាព​របស់​យើង ហើយ​យើង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ប៉ុនប៉ង​គ្រប់គ្រង​មក​លើ​ប្រទេស​ទន់ខ្សោយ ពី​ប្រទេស​ដែល​មាន​កម្លាំង​ខ្លាំង​ជាង​។ យើង​នឹង​ធ្វើការ​ប្រឆាំង​តាម​គ្រប់​ទម្រង់ មិន​ថា​តាម​រយៈ​ការ​ប្រើប្រាស់ កម្លាំង ការ​ដាក់​សម្ពាធ​ខាង​សេដ្ឋកិច្ច ឬ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​នោះ​ទេ​» ទាំងនេះ​ជា​អ្វី​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន បាន​សង្កត់ធ្ងន់​អំឡុង​ការ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​នៅ​ក្រុង​ញ៉ូ​វ​យ៉​ក កាលពី​ថ្ងៃ​អង្គារ​ទី​២១ ខែកញ្ញា​។

ទោះបីជា​មិន​បាន​សំដៅចំ​ៗ ទៅ​លើ​ប្រទេស​ចិន ដូចដែល​អតីត​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ធ្លាប់​បាន​និយាយ​ក៏​ពិតមែន ប៉ុន្តែ នៅ​ក្នុង​សុន្ទរកថា​របស់​លោក ចូ បៃ ឌិន ប្រមាណ ៣០​នាទី​របស់​លោក គឺ​បាន​បង្ហាញ​ច្បាស់​ពី​គោលនយោបាយ​ការ​បរទេស​ថ្មី​មួយ​របស់​លោក ក្នុង​ការ​បន្ត​ប្រកួតប្រជែង និង​ទប់ទល់​នឹង​ការ​រះ​ត្រដែត​ឡើង​របស់​ប្រទេស​ចិន​។ ការ​គូសបញ្ជាក់​ច្បាស់​ៗ​បែប​នេះ គឺ​វា​ដូច​ទៅ​នឹង​អ្វី​ដែល​លោក បៃ​ឌិន ធ្លាប់​បាន​និយាយ​កាលពី​ពេល​ដែល​លោក​ជាប់​ឆ្នោត​ភ្លាម​ៗ កាលពីដើម​ឆ្នាំ​នេះ​។

ប្រធានាធិបតី លោក ចូ ប៉ៃ​ឌិន ធ្លាប់​បាន​និយាយ​ថា រដ្ឋបាល​ថ្មី​របស់​លោក នឹង​នៅ​តែ​បន្ត​រារាំង​ប្រទេស​ចិន​ពី​ការ​រះ​ត្រដែត​ឡើង ព្រមទាំង​បន្ត​ប្រកួតប្រជែង​ជាមួយ​ក្រុង​ប៉េ​កាំ​ង​ដដែល ប៉ុន្តែ​លោក​បៃ​ឌិន នឹង​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេង ដោយ​មិន​អនុវត្ត​តាម​អ្វី​ដែល​លោក​ដូ​ណា​ល់​ត្រាំ ធ្លាប់​បាន​ធ្វើ​នោះ​ទេ​។   

ទន្ទឹម​នឹង​ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​អា​មេ​រិ​ក​ដូចនេះ លោក​ចូ បៃ​ឌិន ក៏​បាន​ឆ្លៀត​រំឭក​ផង​ដែរ​ថា ទោះបី​ការ​ប្រកួតប្រជែង​នៅ​បន្ត​កើត​មាន ប៉ុន្តែ​សហរដ្ឋអាមេរិក នឹង​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាមត្រជាក់​កើតឡើង​ជា​ថ្មី​ម្តងទៀត​នោះ​ទេ ហើយ​ក៏​មិន​ព្យាយាម​បែងចែក​ពិភពលោក​ជា​ប្លុក​នោះ​ដែរ​។

ផ្ទុយ​ទៅ​វិញ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​ណា ដែល​ចង់​បោះ​ជំហាន​ទៅ​មុខ​រួម​គ្នា ដើម្បី​ដំណោះស្រាយ​ដោយ​សន្តិវិធី នូវ​បញ្ហា​ប្រឈម​រួម ដូច​ជា​វិបត្តិ​កូ​វី​ដ​១៩ ការ​ប្រែប្រួល​អាកាសធាតុ និង​រីកសាយ​ភាយ​នៃ​អាវុធ​នុយក្លេអ៊ែរ​ជាដើម​។

សូម​ជម្រាប​ថា មេដឹកនាំ​បណ្តា​ប្រទេស​ជា​ច្រើន​កាលពី​ថ្ងៃ​អង្គារ​ទី​២១​កញ្ញា នេះ បាន​ឡើង​ថ្លែង​សុន្ទរកថា​ផ្សេង​ៗ​ពី​គ្នា ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ ដែល​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​កណ្តាល​អង្គការសហប្រជាជាតិ​នាទី​ក្រុង​ញូយ៉ក​។ ក្នុង​នោះ​ស​ន្ទ​រក​ថា របស់​មេដឹកនាំ​មហាអំណាច​ទាំង​២ គឺ ចិន និង អា​មេ​រិ​ក ត្រូវ​បាន​ពិភពលោក​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត ខណៈ​ដែល​ទំនាក់ទំនង​នៃ​ប្រទេស​មហាអំណាច​ទាំង​២​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ ដ៏​តានតឹង​នៅឡើយ​ទេ​។

យ៉ាងណាមិញ គេ​សង្កេត​ឃើញ​ថា ភាគី​ចិន​មិន​បាន​ថ្លែង​ចំ​ៗ ទាក់ទង​នឹង​បញ្ហា​ក្តៅ​បញ្ហា​រសើប ដូច​ទៅ​នឹង​អ្វី​ដែល​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ សុន្ទរកថា​របស់​ចិន​សង្កត់ធ្ងន់​តែ​ទៅ​លើ​បញ្ហា​រឿង​ការ​ប្រែប្រួល​អាកាសធាតុ និង វិបត្តិ​កូ​វី​ដ​១៩​ប៉ុណ្ណោះ​។ ប្រការ​នេះ​អាច​ទំនង​ដោយសារ​តែ​យុទ្ធនាការ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ និង ការ​ប្រែប្រួល​អាកាសធាតុ គឺជា​ប្រធានបទ​អាទិភាព​សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​ឆ្នាំ​នេះ​៕

None



អត្ថបទបន្ទាប់


ចិនសន្យាឈប់បង្កើតគម្រោងថាមពលធ្យូងថ្មថ្មីៗនៅក្រៅប្រទេស

បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេស ពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដី គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដ…

បុរសខ្លាំងរដ្ឋចិនប្រាប់ទៅកាន់ពិភពលោកឲ្យអនុវត្តពហុភាគីនិយមពិតប្រាកដ កុំបានតែទ្រឹស្តី

ប្រធានាធិបតីចិនលោក ស៊ី ជិន ពីង អំឡុងពេលថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅថ្ងៃទី២១ ខែកញ្ញា បានអំពាវនាវឲ្យពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ