មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក ចូ បៃឌិន ត្រូវបានអ្នកសារព័ត៌មានចោទសួរនៅក្នុងសន្និសីទសារព័ត៌មានមួយថា តើទីក្រុងវ៉ាស៊ីនតោនមានក្តីបារម្ភយ៉ាងណាដែរ គ្រាដែលទីក្រុងព្យុងយ៉ាងអាចនឹងបន្តការសាកល្បងមីស៊ីលបាញ់ឆ្លងទ្វីប និងឈានដល់អាវុធនុយក្លេអ៊ែរឡើងវិញនោះ?
មន្ត្រីរូបនេះបានឆ្លើយតបថា ពិតណាស់ អាមេរិកពិតជាមានការព្រួយបារម្ភ ហើយមិនមែនគ្រាន់តែបារម្ភ ពីមីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងនៅចុងក្រោយនេះនោះទេ។ ប្រាកដណាស់ការ ការធ្វើតេស្តបន្តបន្ទាប់កន្លងមកនេះ កំពុងឈានចូលមកដល់ដំណាក់តានតឹងដូចកាលពីឆ្នាំ២០១៧ដែរ។
សម្រាប់វ៉ាស៊ីនតោន គេមិនចង់ឃើញការសាកល្បងបន្ថែមទៀតទេ ដូចនេះអាមេរិកបានទទូច ដល់កូរ៉េខាងជើងឱ្យបញ្ឈប់ការសាកល្បងមីស៊ីលបន្ថែមទៀត និងបានបង្ហើបប្រាប់ទៅឲ្យទីក្រុងព្យុងយ៉ាងវិលរកតុចរចាគ្នាឡើងវិញ។ ទោះចង់ឲ្យជួបពិភាក្សាគ្នាម្តងទៀតមែន តែអាមេរិកបានដាក់កំហិតថា បើមានជំនួបចរចាលើកក្រោយ គ្មានឡើយការដាក់លក្ខខណ្ឌជាមុន ពោលគឺភាគីពាក់ព័ន្ធត្រូវជួបជជែករកដំណោះស្រាយដោយផ្ទាល់នឹងភ្លាមៗតែម្តង។គួរជម្រាបថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden ទីក្រុងវ៉ាស៊ីនតោនបានស្វែងរកការចរចាជាមួយកូរ៉េខាងជើងម្តងហើយម្តងទៀត ប៉ុន្តែត្រូវបានបដិសេធ។ ប៉ុន្តែគេនៅចាំបានថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានធ្វើកិច្ចប្រជុំកំពូលចំនួនបីលើករួចហើយ ជាមួយអតីតប្រធានាធិបតីរបស់អាមេរិក គឺលោក Donald Trump ប៉ុន្តែកិច្ចពិភាក្សាទាំងនោះមិនទទួលបានផ្លែផ្កាឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី៣០មករា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលដ៏មានកម្លាំងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ គិតចាប់តាំងពីដើមខែមករា នេះជាលើកទី៧ដែលរបបក្រុងព្យុងយ៉ាងបាញ់សាកល្បងសមត្ថភាពមីស៊ីលរបស់ខ្លួន។ ការបាញ់សាកល្បងមីស៊ីលជាច្រើនលើក យ៉ាងដូច្នេះ សបញ្ជាក់ពីការអភិវឌ្ឍសមត្ថភាពផលិតមីស៊ីលរបស់កូរ៉េខាងជើង ស្របពេលដែលការចរចាស្តីពីអាវុធនុយក្លេអ៊ែរនៅតែបន្តជាប់គាំង៕