របាយការណ៍ថ្មីមួយរបស់ក្រុមការងារ"ការត្រួតពិនិត្យបំណុលសកល" នៃវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបានបង្ហាញថា កម្រិតបំណុលសកលកាលពីឆ្នាំ២០២៣ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ពោលគឺឡើងដល់៣១៣ទ្រីលានដុល្លារ បន្ទាប់ពីបានកើនឡើងបន្ថែម១៥ទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៣។ កំណើននៃទំហំបំណុលនេះត្រូវបានគេរកឃើញកើតឡើងនៅក្នុងប្រទេសមួយចំនួនដូចជា ឥណ្ឌា អាហ្សង់ទីន ចិន រុស្ស៊ី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត និងថៃជាដើម។
ការកើនឡើងទំហំបំណុលនៅឆ្នាំ២០២៣ ដ៏ច្រើនបែបនេះ បានជំរុញឱ្យគេព្យាករណ៍ថា ទំហំបំណុលសកលនៅឆ្នាំ២០២៤ នឹងបន្តកើនឡើងបន្ថែមទៀត ដោយសារតែបញ្ហាទាក់ទងនឹងភូមិសាស្ត្រនយោបាយ ការកើនឡើងលទ្ធិគាំពារនិយម ភាពតានតឹងពាណិជ្ជកម្ម និងសង្រ្គាមជាដើម។ ទោះបីឱនភាពថវិការបស់រដ្ឋាភិបាលមួយចំនួនមានស្ថានភាពវិជ្ជមានឡើងវិញបន្តិចក្តី ប៉ុន្តែការបង្កើនល្បឿននៃជម្លោះក្នុងតំបន់នានាអាចបង្កឱ្យមានការកើនឡើងភ្លាមៗនូវការចំណាយលើវិស័យការពារជាតិ។
របាយការណ៍ខាងលើបានព្រមានថា ស្ថានភាពបំណុលពិភពលោកនៅក្នុងឆ្នាំនេះទំនងជានឹងប្រែប្រួលបន្ថែមទៀត ទាក់ទងនឹងដំណើរការប្រែប្រួលគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក ជាពិសេសគឺនៅលើគោលនយោបាយគ្រប់គ្រងអត្រាការប្រាក់ ក៏ដូចជា ការគ្រប់គ្រងតម្លៃនៃលុយដុល្លារ។ ភាពមិនប្រាកដប្រជាជុំវិញគន្លងនៃអត្រាគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងប្រាក់ដុល្លារអាម៉េរិកអាចបង្កើនការប្រែប្រួលទីផ្សារបន្ថែមទៀត និងបង្កឱ្យកើតមានស្ថានភាពបំណុលវណ្ឌកកាន់តែកើនឡើង៕
ដោយៈ សរ សុជាតិ