វៀតណាមទំនងជាអាចក្លាយជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសនេះសម្រេចបានកំណើនសេដ្ឋកិច្ចជិត៧,១% នៅក្នុងឆ្នាំ២០២៤ លើសពីកម្រិតដែលបានប៉ាន់ប្រមាណកាលពីពេលកន្លងទៅ ដែលរំពឹងសម្រេចបានក្នុងរង្វង់៦,៥%។ កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានជំរុញគាំទ្រដោយសារការកើនឡើងដ៏រឹងមាំរបស់វិស័យសេវាកម្ម និងឧស្សាហកម្ម ក្នុងនោះវិស័យសេវាកម្មបានរួមចំណែកជាង៤៩% ខណៈវិស័យឧស្សាហកម្ម និងសំណង់បានរួមចំណែកជាង៤៥%។ ទន្ទឹមនេះ នៅពេញមួយឆ្នាំ២០២៤ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសបានរហូតដល់ជាង២៥ពាន់លានដុល្លារអាម៉េរិក មានការកើនឡើងជិត១០%។ នេះបើយោងតាមការិយាល័យស្ថិតិជាតិ វៀតណាម។
ទំហំផលិតផលក្នុងស្រុកសរុបរបស់វៀតណាម នៅក្នុងឆ្នាំ២០២៤ បានឡើងដល់៤៧៦ពាន់លានដុល្លារ ខណៈប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗបានឡើងដល់៤ពាន់៧រយដុល្លារ កើនឡើងជិត៤រយដុល្លារបើធៀបនឹងឆ្នាំ២០២៣។
លោកស្រី ឃ្វៀន ធី ហុង (Nguyễn Thị Hương ) អគ្គនាយិកាការិយាល័យស្ថិតិជាតិ វៀតណាម បានអះអាងថា ទោះបីស្ថានភាពស្មុគស្មាញបានកើតមានឡើងនៅជុំវិញពិភពលោក និងប្រឈមជាមួយហានិភ័យជាច្រើនក៏ដោយ តែសេដ្ឋកិច្ចវៀតណាម បានបង្ហាញនិន្នាការងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនរីកចម្រើនដ៏រឹងមាំ ដែលធ្វើឱ្យវៀតណាម ក្លាយជាចលករដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងលើពិភពលោក។
ផ្អែកតាមកំណើនខាងលើ លោក វូ ទ្រី ថាញ់ (Võ Trí Thành) អតីតអនុប្រធានវិទ្យាស្ថាន សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម និងជាសមាជិកក្រុមប្រឹក្សាគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុជាតិ រំពឹងថា វៀតណាមនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៨% នៅឆ្នាំ២០២៥នេះ៕
ដោយៈ សរ សុជាតិ