នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ប្រធានគណនេយ្យរបស់អាកាសចរណ៍វៀតណាម បាននិយាយនៅឯវេទិកាមួយ ថា ហិបប្រាក់របស់អាកាសចរណ៍ជាតិមួយនេះអាចនឹងទទេស្អាត នៅត្រឹមខែសីហា ហើយស្ថានភាពអាចនឹងអាក្រក់ខ្លាំង។
នៅឆ្នាំនេះ អាកាសចរណ៍វៀតណាមគ្រោងនឹងរាយការណ៍អំពីការខាតប្រាក់ពី ៦៤៤ ទៅ ៦៨៧លានដុល្លារអាមេរិក។
ការផ្អាកជើងហោះហើរទាំងស្រុងពីចុងខែមីនា ដល់ចុងខែមេសា បាននាំឲ្យយន្តហោះទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍នេះ ចតចោលនៅនឹងព្រលានយន្តហោះ ប៉ុន្តែ ក្រុមហ៊ុននៅតែត្រូវបង់ថ្លៃជាច្រើនមុខ ដើម្បីចតនិងថែទាំយន្តហោះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនត្រូវសងប្រាក់ ជិត ១៩០លានដុល្លារអាមេរិក ចាប់ពីពាក់កណ្ដាលខែកុម្ភៈ ដល់ដំណាច់ខែមីនា ទៅដល់អ្នកធ្វើដំណើរ សម្រាប់ការលុបចោលជើងហោះហើរ។
ប្រធានគណនេយ្យដដែលបាននិយាយថា ក្រុមហ៊ុនបានខិតខំធ្វើគ្រប់បែបយ៉ាងហើយ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ១៩នេះ ដូចជា កាត់ប្រាក់ខែបុគ្គលិក និងស្នើឲ្យបុគ្គលិកឈប់សម្រាកពីការងារដោយគ្មានប្រាក់ឈ្នួល កាត់បន្ថយចំណាយប្រតិបត្តិការបានចំនួន ១៩៣លានដុល្លារ។
បច្ចុប្បន្ន អាកាសចរណ៍វៀតណាមកំពុងស្វែងរកកម្ចីពីរដ្ឋាភិបាល ចំនួនពី ១៧២ ដល់ ៥១៥លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏គ្រោងនឹងចេញភាគហ៊ុនច្រើនថែមទៀត ទៅឲ្យភាគហ៊ុនិកដែលមានស្រាប់ ដើម្បីបង្កើតដើមទុន ប៉ុន្តែ កិច្ចការនេះអាចនឹងស៊ីពេលវេលាដល់ទៅ ៥-៦ខែ៕