កាលពីដើមខែសីហា ឆ្នាំ២០២៤ វៀតណាម និងចិន បានចុះហត្ថលេខាលើពិធីសារចំនួន៣ ស្តីពី ការនាំចេញជាផ្លូវការនូវទុរេនបង្កក ដូងស្រស់ និងក្រពើ ទៅកាន់ប្រទេសចិន ដែលតាមការរំពឹងថា នឹងជំរុញការនាំចេញផលិតផលកសិកម្មទាំងនេះយ៉ាងខ្លាំង។ ការបើកទ្វារចំហរបស់ប្រទេសចិន ដើម្បីស្វាគមន៍ដូងស្រស់នឹងនាំមកនូវឱកាសយ៉ាងធំធេងសម្រាប់កសិករដាំដូងរបស់វៀតណាម។ ជាមួយប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ ប្រទេសចិន គឺជាទីផ្សារប្រើប្រាស់ដ៏ធំសម្បើម ខណៈដែលការផ្គត់ផ្គង់ដូងក្នុងស្រុករបស់ខ្លួនអាចបំពេញបានត្រឹមតែប្រមាណ១០%នៃតម្រូវការប៉ុណ្ណោះ។
លោក ង្វៀន ហ៊ូ តាយ (Nguyen Huu Tai) ជាកសិករដាំដូងលើផ្ទៃដីមួយហិចតាក្នុងខេត្តបិនត្រេ (Ben Tre) ប្រទេសវៀតណាម បាននិយាយថា នេះជាដំណឹងដ៏រីករាយសម្រាប់អ្នកដាំដូង ព្រោះការបើកទីផ្សារចិន នឹងជួយឱ្យទីផ្សារប្រើប្រាស់ដូងមានស្ថិរភាព និងជៀសផុតពីការធ្លាក់ចុះថ្លៃ។
សមាគមបន្លែ និងផ្លែឈើវៀតណាម រំពឹងថា ការនាំចេញដូងស្រស់នឹងកើនឡើងប្រមាណចន្លោះពី២០០ ទៅ៣០០លានដុល្លារអាម៉េរិក នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ហើយនឹងបន្តកើនឡើងយ៉ាងគំហុកនៅពេលអនាគតដ៏ខ្លី។
បច្ចុប្បន្ន វៀតណាម គឺជាប្រទេសផលិតដូងធំបំផុតទី៧ នៅលើពិភពលោកជាមួយនឹងផ្ទៃដីដាំដុះសរុបជិត១ម៉ឺន៩ពាន់ហិកតា និងទិន្នផលប្រមាណ២លានតោន ក្នុងមួយឆ្នាំ ហើយការដាំដុះដូងភាគច្រើនគឺស្ថិតនៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ៕
ដោយ: តែម សុខុម