ប្រភពព័ត៌មានក្នុងស្រុកវៀតណាមបានឲ្យដឹងថា បញ្ហាចម្បងៗ ដែលធ្វើឲ្យការនាំចេញឈើជួបការលំបាក គឺដោយសារតែ ឈើដែលបានកាប់យកមកពីព្រៃ ឬចម្ការ ហាក់មានគុណភាពទាប ដោយសារតែដើមឈើនៅខ្ចីនៅឡើយ ខណៈដែលដែលការនាំចូលឈើពីក្រៅប្រទេសមកកែច្នៃ ហាក់មានតិច ហើយប្រទេសខ្លះក៏កំពុងរឹតបន្ដឹងការគ្រប់គ្រងការនាំចេញឈើ ដើម្បីដាក់កំហិតចំពោះការកាប់បំផ្លាញព្រៃឈើផងដែរ។
ជាមួយគ្នានេះ ការនាំចូលឈើរបស់វៀតណាមពីក្រៅប្រទេស សម្រាប់បម្រើដល់ការផលិតកែច្នៃក្នុងស្រុក មានយ៉ាងហោចណាស់ ២០ភាគ ទៅ ២១ ភាគរយ នៃតម្រូវការឈើសម្រាប់ផលិតនាំចេញសរុប ខណៈដែលក្នុងមួយឆ្នាំៗ វៀតណាមនាំចេញកំទិចឈើប្រមាណ ៨លានតោន ទៅកាន់ទីផ្សារធំៗដូចជា ប្រទេសចិន និងជប៉ុនជាដើម។
វៀតណាម ក៏ត្រូវបានគេស្គាល់ដែរថា ជាប្រទេសនាំចេញឈើធំបំផុតលំដាប់ទី៥
នៅទូទាំងពិភពលោក។ តួយ៉ាង នៅ៧ខែ នៃឆ្នាំនេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានរកចំណូលពីការនាំចេញឈើ
៤.៨០០ លានដុល្លារអាមេរិក កើនឡើងជាង ១៣%
ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមតួលេខពី ការិយាល័យស្ថិតិវៀតណាម។
លើសពីនេះ ប្រទេសវៀតណាមរំពឹងថា នៅឆ្នាំ២០១៨នេះ ការនាំចេញឈើរបស់ខ្លួន នឹងអាចរកចំណូលបាន ៩ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០១៧ មានតែជិត ៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
សូមជម្រាបថា ទីផ្សារសំខាន់ៗនាំចេញឈើរបស់វៀតណាម មានដូចជា អាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប៕