សេដ្ឋកិច្ចប្រទេសវៀតណាម

វៀតណាមកំពុងតាមយកចិត្តវិនិយោគិនបរទេស ខណៈកូវីដ-១៩កំពុងបង្កការរំខានដល់ការផលិតក្នុងស្រុក


នាយករដ្ឋមន្រ្តីវៀតណាម បានចេញមុខធានាអះអាងថា រដ្ឋាភិបាលវៀតណាម នឹងមិនធ្វើឲ្យ វិនិយោគិនបរទេស បាត់បង់ទំនុកចិត្តទៅលើសមត្ថភាពដោះស្រាយបញ្ហាកូវីដ-១៩ របស់រដ្ឋាភិបាលវៀតណាមនោះឡើយ បើទោះបីជា បញ្ហាប្រឈម កើតមានឡើងជាបន្តបន្ទាប់ក៏ដោយ។
រោងចក្រផលិតទូរសព្ទនៅប្រទេសវៀតណាម
ដោយ

ការអះអាងបែបនេះ ស្របពេលដែល ក្រុមហ៊ុនសហគ្រាសបិទទ្វារ និងផ្អាកដំណើការនៅវៀតណាមមានដល់ទៅជាង៨ម៉ឺនសហគ្រាស កើនឡើងជាង២៤% នៅរយៈពេល៨ខែឆ្នាំ២០២១ ខណៈដែលបញ្ហាកូវីដ-១៩កំពុងបន្តលុកលុយកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវៀតណាមដដែល។ 

នៅក្នុងដំណើរទស្សនកិច្ចរោងចក្រ SAMSUNG ដែលជាវិនិយោគិនបរទេសដ៏ធំបំផុតនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញជីញ បានបញ្ជាក់ថា នឹងមិនធ្វើឲ្យវិនិយោគិនបរទេសបាត់បង់ទំនុកចិត្តនោះឡើយ ជាពិសេស រដ្ឋាភិបាលវៀតណាម បានផ្តល់អាទិភាពចាក់វ៉ាក់សាំងដល់ បុគ្គលិក កម្មករ ទៅតាមសំណើរបស់ក្រុមហ៊ុន និងផ្តល់អាទិភាពចាក់វ៉ាក់សាំងនៅតាមតំបន់ផ្ទុះខ្លាំង ដែលមានរោងចក្ររបស់ក្រុមហ៊ុន SAMSUNG។

យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម ក៏បានស្នើដល់ ក្រុមហ៊ុនបច្ចេកវិទ្យា SAMSUNG ឲ្យបង្កើនការប្រើប្រាស់ គ្រឿងបង្គុំ ឧបករណ៍ និងសម្ភារៈ ដែលផលិតក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុន SAMSUNG ដែលជាវិនិយោគិនបរទេសធំជាងគេបំផុតនៅប្រទេសវៀតណាម មានរោងចក្រចំនួន ៦ និងកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅក្នុងទីក្រុងហាណូយ ដែលរំពឹងនឹងបើកដំណើរការនៅឆ្នាំ២០២២ ដោយផ្តល់ការងារប្រមាណ ៣ពាន់កន្លែងដល់ វិស្វករវៀតណាម។

បើតាមសារព័ត៌មាន The Korea Economic Daily ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន SAMSUNG បានដាក់ផែនការពង្រីករោងចក្រនៅ ខេត្ត បាក់និញ តំបន់ភាគខាងជើង ក្នុងឆ្នាំ ២០២១នេះ ដើម្បីបង្កើនសមត្ថភាពផលិតទូរស័ព្ទប្រភេទបត់ ពី ១៧លានគ្រឿង ដល់ ២៥លានគ្រឿងក្នុងមួយឆ្នាំ។

គិតមកទល់ពេលនេះ ក្រុមហ៊ុន SAMSUNG បានបោះទុនវិនិយោគប្រមាណ ១៧ពាន់លានដុល្លារអាមេរិកហើយ នៅក្នុងប្រទេសវៀតណាម នឹងមានបុគ្គលជាង ១សែននាក់ ហើយកាលពីឆ្នាំ ២០២០ ការនាំចេញទំនិញរបស់ក្រុមហ៊ុននេះ សម្រេចបានជាង ៥៦ពាន់លានដុល្លារអាមេរិក។

ដោយឡែក នាយករដ្ឋមន្រ្តីវៀតណាម ផាម មិញជីញ ក៏បានប្រកាសដែរថា ក្រៅពីការគ្រប់គ្រងបញ្ហាមេរោគកូវីដ១៩ ក្រសួងផែនការ និងវិនិយោគវៀតណាម កំពុងចាប់ផ្តើមបង្កើតគម្រោងស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ ដោយលោកបញ្ជាក់យ៉ាងច្បាស់ យុទ្ធសាស្រ្តបិទខ្ទប់ មិនអាចបន្តទៅរហូតនោះទេ ហើយប្រជាជនវៀតណាម ត្រូវរៀនរស់ជាមួយនឹងមេរោគនេះតែម្តង។

នៅក្នុងរបាយការណ៍របស់ការិយាល័យស្ថិតិទូទៅវៀតណាម បានបង្ហាញ ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២១នេះ ចំនួនក្រុមហ៊ុនដែលបានបិទទ្វារអាជីវកម្មមានជាង ៨ម៉ឺនកន្លែង កើនឡើង ២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការវិនិយោគដោយផ្ទាល់ពីបរទេស សម្រេចបានជាង ១៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះបន្តិចត្រឹម ២%៕

អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


ថៃគ្រោងនឹងទិញវ៉ាក់សាំងដូសជំរុញ២០០លានដូស ខណៈរដ្ឋាភិបាលរំពឹងបើកប្រទេសឡើងវិញនៅដើមឆ្នាំក្រោយ

វិទ្យាស្ថានវ៉ាក់សាំងជាតិ និងក្រសួងសុខាភិបាលថៃ មានគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច ២០០លានដូសនៅឆ្នាំក្រោយសម្រាប់ចាក់ជូនពល…

ក្រុមយោធា និងរដ្ឋាភិបាលស្រមោលភូមា កំពុងដណ្ដើមកៅអីគ្នាយ៉ាងស្វិតស្វាញនៅUN

ត្រឹមដើមខែកញ្ញានេះ របបសឹកនៅប្រទេសភូមា ពុំសូវមានតម្លៃការទូតនៅលើឆាកអន្តរជាតិនោះទេ ក្រៅតែពីទំនាក់ទំនងទ្វេភាគីជាមួយចិន រុស្សី និងទំនាក់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ