សារព័ត៌មាន Vietnam News បានរាយការណ៍ថា បន្ទាប់ពីការលក់រថយន្តនៅវៀតណាម បានកើនឡើង១៣ភាគរយ កាលពីខែកញ្ញា ទីផ្សាររថយន្តនៅវៀតណាម នៅពេលនេះហាក់នៅទ្រឹងនៅក្នុងខែតុលា បើទោះបីជាអ្នកផលិតផ្តល់ការបញ្ចុះតម្លៃ និងបង្កើនការផ្សព្វផ្សាយ ដើម្បីជំរុញការលក់ក៏ដោយ។
សមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម បាននិយាយថា សមាជិករបស់ខ្លួនបានលក់រថយន្តបានចំនួនត្រឹមតែជាង២ម៉ឺន៥ពាន់គ្រឿងតែប៉ុណ្ណោះក្នុងខែតុលា ដែលស្មើនឹងការលក់កាលពីខែមុន។ ប៉ុន្តែចំនួននេះមានការធ្លាក់ចុះ៣១ភាគរយធៀបបើនឹងចំនួនលក់កាលពីខែតុលា កាលពីឆ្នាំមុន។
ប្រភពដដែលបានអះអាងថា ការលក់រថយន្តដឹកអ្នកដំណើរ គឺបានជិត២ម៉ឺនគ្រឿង ធ្លាក់ចុះ ០,២ភាគរយក្នុងមួយខែ ខណៈការលក់រថយន្តពាណិជ្ជកម្មមានការកើនឡើង១ភាគរយដល់ ជាង៥ពាន់៦រយគ្រឿង។
ប្រភពដដែលបានអះអាងថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៣ សមាជិករបស់ខ្លួនបានចែកចាយរថយន្តសរុបបានជាង២៣ម៉ឺន៥ពាន់គ្រឿងទៅឱ្យអ្នកទិញ ធ្លាក់ចុះ២៩ភាគរយ ក្នុងនោះ រថយន្តដឹកអ្នកដំណើរធ្លាក់ចុះ៣២ភាគរយ ហើយរថយន្តពាណិជ្ជកម្មធ្លាក់ចុះ១៦ភាគរយ និងរថយន្តដែលមានមុខងារពិសេសធ្លាក់ចុះដល់ទៅ៦០ភាគរយឯណោះ។
នៅពេលនេះក្រៅពីរថយន្តដែលតម្លើងនៅក្នុងស្រុក វៀតណាមក៏មានរថយន្តប្រណីតៗជាច្រើនទៀតដូចជា Audi, Jaguar Land Rover, Mercedes-Benz, Nissan, Subaru, Volkswagen និង Volvo។ តែយ៉ាងណាក្រុមហ៊ុនទាំងនេះ មិនបានបង្ហាញពីលទ្ធផលអាជីវកម្មរបស់ពួកគេនោះទេ ប៉ុន្តែស្ថានភាពក៏ទំនងជាមិនខុសគ្នាដែរ។
ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ អ្នកវិភាគបានអះអាងថា ពលរដ្ឋវៀតណាមហាក់ដូចជានៅតែស្ទាក់ស្ទើរក្នុងការទទួលការបញ្ចុះតម្លៃដោយសារតែហេតុផលសេដ្ឋកិច្ច។ ពួកគេបានកត់សម្គាល់ដោយព្យាករថា ទីផ្សាររថយន្តនៅវៀតណាមទំនងជាមិនឃើញមានការកើនឡើងភ្លាមៗនោះទេ។
កាលពីឆ្នាំ២០២២ នៅទូទាំងប្រទេសវៀតណាមទីផ្សារថយន្តគឺមានប្រមាណជាង៤០ម៉ឺន៤ពាន់គ្រឿង ប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ចមិនទាន់ទទួលបានភាពកក់ក្តៅពីប្រជាពលរដ្ឋនោះ គេសន្និដ្ឋានថា ទីផ្សាររថយន្តវៀតណាម នៅក្នុងឆ្នាំ២០២៣ នេះ គឺអាចបានត្រឹមតែ៧០ភាគរយ នៃឆ្នាំ២០២២ តែប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ