តួយ៉ាង ថ្មីៗនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យរដ្ឋាភិបាលពិចារណានូវការលើកលែងទិដ្ឋាការជាឯកតោភាគីឡើងវិញ សម្រាប់ប្រទេសចំនួន ២៤ ដែលកន្លងមកប្រទេសទាងនេះ ធ្លាប់បានទទួលការលើកលែងនេះ នៅមុនការរីករាលដាលនៃ Covid-១៩។ នេះបើយោងតាមការចុះផ្សាយសារព៌ត៍មាន VN Express។
បើតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឱ្យដឹងថា សំណើនេះត្រូវបានធ្វើឡើង នៅចំពេលដែលក្រសួងកំពុងស្វែងរកការអនុម័តបើកច្រកព្រំដែនពេញលេញឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ៣១ ខែមីនាខាងមុខនេះតទៅ ក្នុងគោលបំណងដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ប្រទេស ឡើងវិញ។
នៅមុនពេលមានជំងឺរាតត្បាត ប្រទេសវៀតណាមបានផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវមកពី ២៤ ប្រទេស និងដែនដីរួមទាំងសហសមាជិកអាស៊ានផងដែរ។ បន្ទាប់ពីជំងឺរាតត្បាតបានផ្ទុះឡើងក្នុងឆ្នាំ ២០២០ វៀតណាមបានផ្អាកការចូលដោយគ្មានទិដ្ឋាការសម្រាប់ប្រទេសទាំងអស់នោះ។ តាមរយៈទិដ្ឋាការនេះ ភ្ញៀវដែលមកពីប្រទេសបេឡារុស្ស ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវេស រុស្សី កូរ៉េខាងត្បូង អេស្បាញ ស៊ុយអែត និងចក្រភពអង់គ្លេសត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសវៀតណាមមិនលើសពី ១៥ ថ្ងៃដោយគ្មានទិដ្ឋាការ។
ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមកពីប្រទេសអាស៊ានចំនួនប្រាំបួនក៏អាចរីករាយនឹងការស្នាក់នៅដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃ ដែលក្នុងនោះ ២១ ថ្ងៃសម្រាប់ហ្វីលីពីន និង ១៤ ថ្ងៃសម្រាប់ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃ អង្គារ៍ សប្ដាហ៍នេះ បានអនុញ្ញាតឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការបង្ហាញពីផែនការសម្រាប់ការដំណើរការទេសចរណ៍ពេញលេញឡើងវិញក្នុងពេលឆាប់ៗនេះ។
គួររំឭកថា ការបិទព្រំដែនរបស់ប្រទេសវៀតណាមបានធ្វើឲ្យចំនួនភ្ញៀរទេសចរអន្តរជាតិបានធ្លាក់ចុះ ៩៦ ភាគរយកាលពីឆ្នាំមុន។ ដើម្បីស្តាសេដ្ឋកិច្ចឡើងវិញ កាលពីខែ វិច្ឆិកាកន្លងទៅ រដ្ឋាភិបាលបានចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសចូលតាមរយៈកម្មវិធីលិខិតឆ្លងដែនដែលមានបញ្ជាក់ពីការបានចាក់វ៉ាក់សាំងរួច ហើយរហូតមកដល់ពេលនេះ ភ្ញៀវទេសចរបរទេសជិត ៩ពាន់នាក់ បានធ្វើដំណើរចូលប្រទេសវៀតណាមក្រោមកម្មវិធីនេះ ជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលបានកំណត់ទុកជាមុនផងដែរ។ ក្នុងនោះផងដែរ ពាក់កណ្តាលនៃភ្ញៀវទេសចរពីបរទេសទាំងនោះ គឺជាជនជាតិវៀតណាមដែលរស់នៅក្រៅទេស ត្រឡប់មកលេងសាច់ញាតិរបស់ពួកគេតែប៉ុណ្ណោះ៕