ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៧ ធនាគារកណ្ដាលវៀតណាមបានឲ្យដឹងថា ការផ្ញើប្រាក់ពីក្រៅប្រទេសចូលមកទីក្រុងហូជីមិញបានកើនឡើង ៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ពោលគឺមានចំនួនទឹកប្រាក់សរុប ៣ពាន់ ៣០០លានដុល្លារអាមេរិក។
របាយការណ៍ធនាគារកណ្ដាលវៀតណាមដដែល ក៏បង្ហាញផងដែរថា ភាគច្រើនបំផុតនៃលុយដែលផ្ញើចូលទីក្រុងហូជីមិញ គឺបានមកពីប្រជាជនវៀតណាមដែលរស់នៅនិងធ្វើការនៅអឺរ៉ុប និងអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
ក្នុងមួយខែៗ ប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេសផ្ញើប្រាក់ត្រលប់មកស្រុកកំណើតវិញ ប្រមាណពី ៣៧៥លាន ដល់ ៤០០លានដុល្លារអាមេរិក។ មន្ត្រីធនាគារប៉ាន់ស្មានថា ក្នុងឆ្នាំ២០១៧នេះ ទីក្រុងហូជីមិញតែមួយនឹងប្រមូលប្រាក់ដែលគេផ្ញើពីក្រៅប្រទេសមក បានប្រមាណ ៥ពាន់ ៧០០លានដុល្លារអាមេរិក។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺភាគច្រើននៃប្រាក់ដែលផ្ញើពីក្រៅប្រទេសត្រូវបានវិនិយោគទៅលើប្រតិបត្តិការជំនួញ ជាជាងទៅលើអចលនទ្រព្យ ឬជាប្រាក់សន្សំដូចពីមុន។
ជាសរុប ប្រទេសវៀតណាមទទួលបានប្រាក់ដែលផ្ញើពីក្រៅប្រទេសចំនួន ១៣ពាន់ ៤០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៦ ហើយត្រូវបានធនាគារពិភពលោកចាត់ថ្នាក់ស្ថិតក្នុងចំណោមប្រទេសធំៗបំផុតដែលទទួលផលពីការផ្ញើប្រាក់ពីក្រៅប្រទេស។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក វៀតណាមជាប់លេខ៣ បន្ទាប់ពីចិន និងហ្វ៊ីលីពិន ជាប្រទេសដែលទទួលបានប្រាក់ផ្ញើពីក្រៅប្រទេសច្រើនជាងគេបំផុត។
ប្រាក់ផ្ញើពីក្រៅប្រទេស គឺជាប្រភពដ៏សំខាន់មួយនៃការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ពោលគឺស្មើនឹងប្រហែល ៨-១០ភាគរយ នៃផលិតផលសរុបក្នុងស្រុករបស់ប្រទេសនេះ៕