វិស័យកាត់ដេរសម្លៀកបំពាក់ ត្រូវបានគេដឹងថា គឺជាផលិតផលនាំចេញធំបំផុតទី២ របស់ប្រទេសវៀតណាម បន្ទាប់ពីផលិតផលទូរស័ព្ទស្មាតហ្វូន។
ប្រភពព័ត៌មានរបស់វៀតណាម Vietnam Express បានផ្សាយថា ការរំពឹងទុកនូវចំណូលពីការនាំចេញសម្លៀកបំពាក់ប្រមាណ ៣៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ គឺដោយសារតែ ក្រុមហ៊ុនលក់រាយរបស់សហរដ្ឋអាមេរិក ធ្វើពិពិធកម្មផលិតផលវត្ថុធាតុដើមរបស់ពួកគេ ដើម្បីរក្សាថ្លៃដើម សំដៅធ្វើការគ្រប់គ្រងលើជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិន។
សហរដ្ឋអាមេរិក ក៏ទើបតែបានកំណត់ដកហូតពន្ធលើទំនិញតម្លៃ ២៥០ ពាន់លានដុល្លាររបស់ចិន ហើយជាការឆ្លើយតបសងសឹកវិញ ចិនក៏បានកំណត់ដកហូតពន្ធបន្ថែមលើមុខទំនិញរបស់អាមេរិក ក្នុងតម្លៃប្រមាណ ១១០ពាន់លានដុល្លារអាមេរិកផងដែរ។
លោក Vu Duc Giang ប្រធានសមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម បាននិយាយថា ផលិតផលសម្លៀកបំពាក់របស់វៀតណាម កំពុងស្ថិតក្នុងក្រសែភ្នែក និងការបញ្ជាទិញកាន់តែច្រើនឡើងក្នុងពេលឆាប់ៗខាងមុខនេះ ពីសំណាក់ក្រុមហ៊ុនបញ្ជាទិញពីក្រៅប្រទេស ជាពិសេសពីសហរដ្ឋអាមេរិកតែម្ដង។
ប្រទេសវៀតណាម ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនផងដែរ ដែលបានលុបចោលទាំងស្រុង និងខ្លះទៀតបានកាត់បន្ថយពន្ធ ទៅលើទំនិញនាំចេញនាំចូលជាច្រើនមុខផងដែរ។
របាយការណ៍ពី រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ការនាំចេញផលិតផលសម្លៀកបំពាក់របស់វៀតណាម ទៅសហរដ្ឋអាមេរិក បានកើនឡើង ១២% គិតត្រឹម ១០ខែ ក្នុងឆ្នាំ២០១៨នេះ ដែលមានតម្លៃជាទឹកប្រាក់ជាង ១០ពាន់លានដុល្លារអាមេរិក ខណៈដែលក្នុងរយៈពេលដូចគ្នានេះ ការនាំចេញសម្លៀកបំពាក់ទៅកាន់ប្រទេសចិនវិញ បានហក់កើនឡើងដល់ ៤៩% ស្មើនឹងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក។
លោក Vu Duc Giang បាននិយាយទៀតថា លំហូរវិនិយោគបរទេសនៅក្នុងវិស័យកាត់ដេរ និងផលិតផលវាយនភណ្ឌក្នុងប្រទេសវៀតណាម នៅក្នុង៨ខែឆ្នាំនេះ បានកើនឡើងដល់ ២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ វិនិយោគភាគច្រើន មកពីប្រទេសជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងចិន។
សូមជម្រាបថា តាមការអះអាងពីរដ្ឋាភិបាលវៀតណាម បច្ចុប្បន្នប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះ មានរោងចក្រផលិតផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ជាង ៦ពាន់រោងចក្រ ដែលផ្ដល់ការងារដល់ពលរដ្ឋក្នុងប្រទេសនេះ ប្រមាណ ៣លាននាក់៕