កំណើនសេដ្ឋកិច្ច ៤,៤៨% នៅត្រីមាសទី៤ នៅឆ្នាំ២០២០ បានជួយជំរុញដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់វៀតណាមនៅឆ្នាំ២០២០ ដល់ ២,៩១%។ នេះបើតាមការអះអាងរបស់ការិយាល័យស្ថិតិទូទៅ របស់វៀតណាម។
លោកស្រី ង្វៀន ធីហុង ប្រធានការិយាល័យស្ថិតិទូទៅវៀតណាម បាននិយាយនៅក្នុងសន្និសីទកាសែតថា ទំហំផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅឆ្នាំនេះ គឺមានទាបបំផុត បើគិតក្នុងចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២០។ ទោះជាបែបនេះក្ដី លោកស្រី ធីហុង គូសបញ្ជាក់ថា បើគិតពីផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ នៅឆ្នាំនេះ អាចនិយាយបានថា ជាភាពជោគជ័យមួយហើយរបស់វៀតណាម ដែលនៅតែរក្សាបានកំណើន និងស្ថិតនៅក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងពិភពលោក។
អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនេះ គឺហាក់ត្រូវគ្នានឹងការព្យាករកាលពីមុនរបស់ក្រសួងផែនការ និងការវិនិយោគរបស់វៀតណាមដែរ។
ការិយាល័យស្ថិតិទូទៅវៀតណាម បាននិយាយថា វិស័យកសិកម្ម រុក្ខាប្រមាញ់ និងវារីវប្បកម្ម បានកើនឡើង២,៦៨% វិស័យកម្មន្ដសាល និងសំណង់កើនឡើងជិត៤% និងវិស័យសេវាកម្មកើន ២,៣៤%។
ស្របពេល ដែលមេរោគរាតត្បាតកូវីដ-១៩ បង្កការបំផ្លិចបំផ្លាញសេដ្ឋកិច្ចសង្គមនោះ វិស័យសេវាកម្ម បានកើនឡើងគួរឲ្យកត់សម្គាល់ រីឯសេវាកម្មពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ក៏មានកំណើនដែរនៅប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២០។ ការដឹកជញ្ជូនក្នុងស្រុក ក៏មានការងើបឡើងវិញ ខណៈដែលការដឹកជញ្ជូនអន្តរជាតិ និងសេវាទេសចរណ៍ នៅតែស្ថិតក្នុងស្ថានភាពលំបាកនៅឡើយ។
តម្លៃនៃការនាំចេញ នាំចូលទំនិញ របស់វៀតណាមនៅឆ្នាំនេះ បានកើនឡើងជាង៥% ដែលមានតម្លៃដល់ទៅប្រមាណ ៥៤៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ តម្លៃនៃការនាំចេញ បានកើនឡើង៦,៥% មានតម្លៃជាទឹកប្រាក់សរុបជាង២៨១ ពាន់លានដុល្លារ រីឯការនាំចូលវិញ កើនឡើង ៣,៦% មានទំហំទឹកប្រាក់សរុបប្រមាណជាង ២៦២ ពាន់លានដុល្លារ។ តាមតួលេខនេះ បានធ្វើឲ្យវៀតណាមមានអតិរេកពាណិជ្ជកម្មជាង ១៩ពាន់លានដុល្លារ ដែលជាចំនួនមួយខ្ពស់បំផុត គិតតាំងពីឆ្នាំ២០១៦មក។
កាលពីដើមខែនេះ ធនាគារពិភពលោកក៏បានចេញរបាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមថា នឹងមាន ២,៨% ហើយវៀតណាមក៏នឹងក្លាយជាប្រទេសស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត នៅក្នុងឆ្នាំដែលមានការបំផ្លិចបំផ្លាញដោយកូវីដ-១៩នេះ។
ប្រទេសវៀតណាម នឹងក្លាយជាប្រទេសមួយ នៃប្រទេសចំនួន៣ប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ី ដែលនឹងមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ ដោយប្រទេសពីរទៀតនោះ គឺប្រទេសចិន និងមីយ៉ាន់ម៉ា៕