សារព័ត៌មាន Vietnam Express ដែលបានស្រង់សម្ដីរបស់ក្រុមអ្នកវិភាគសេដ្ឋកិច្ចវៀតណាម បានឲ្យដឹងថា ការព្យាកររបស់ពួកគេ គឺផ្អែកទៅលើកំណើន៧,៣១% នៅក្នុងត្រីមាសទី៣ ហើយរំពឹងថា នឹងមានកំណើន៧,២៦% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។ នេះបើតាមរបាយការណ៍អំពីម៉ាក្រូសេដ្ឋកិច្ច ដែលបានចេញផ្សាយដោយ វិទ្យាស្ថានសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ វៀតណាម។
ក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់កំណើនរយៈពេល ៩ខែ នៅឆ្នាំនេះ គឺជាវិស័យកម្មន្ដសាល និងឧស្សាហកម្មផលិតកែច្នៃ កើនឡើង១១,៣៧% វិស័យសំណង់កើន ៩,៥៦% និងវិស័យរ៉ែកើនឡើង២,៦៨%។ នេះបើតាមការបញ្ជាក់របស់របាយការណ៍ដដែលខាងលើនេះ។
សារព័ត៌មាន Vietnam Express ដែលបានស្រង់ប្រសាសន៍របស់លោក Pham The An ប្រធានសេដ្ឋវិទូនៃវិទ្យស្ថាន សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយវៀតណាម បានឲ្យដឹងថា ការរក្សាបានតួលខេរឹងមនាំរបស់សេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះ គឺដោយសារតែកំណើនខ្លាំងនៅក្នុងវិស័យឧស្សាហកម្ម ដែលបានទូទាត់នឹងការធ្លាក់ចុះនៃវិស័យកសិកម្ម។ លោកបន្តថា កំណើនក្នុវិស័យឧស្សាហកម្មរ៉ែក៏មានខ្លាំងដែរ ពិសេសគឺឧស្សាហកម្មធ្យូងថ្ម។
ទោះយ៉ាងណា សេដ្ឋវិទូរូបនេះ បានបញ្ជាក់ដែរថា ដោយសារតែកំណើននៅឆ្នាំនេះ ពឹងផ្អែកខ្លាំងទៅលើអាជីវកម្មធនធានធម្មជាតិ វាបានធ្វើឲ្យគុណភាពនៃកំណើនមានការធ្លាក់ចុះ ហើយប្រទេសវៀតណាមកំពុងតែប្រឈមនឹងផលប៉ះពាល់បរិស្ថាន ដូចជាការកើនឡើងនៃការបំពុលបរិយាកាសនៅក្នុងទីក្រុងជាដើម។
សារព័ត៌មាន Vietnam Express បានបញ្ជាក់ទៀតថា កាលពីខែមុននេះ ក្រសួងបរិស្ថាន និងធនធានធម្មជាតិ បានឲ្យដឹងថា កម្រិតនៃការបំពុលបរិយាកាស នៅរដ្ឋធានីហានូយ បានកើនឡើងខ្ពស់ក្នុងរយៈពេល ៥ឆ្នាំមកនេះ ខណៈដែលទីក្រុងហូជីមិញវិញ មានការកើនឡើងនូវចំនួនអ្នកជំងឺទៅមន្ទីរពេទ្យ ដោយសារតែឈឺជំងឺផ្លូវដង្ហើម ព្រោះតែការបំពុលខ្យល់អាកាសនេះ។
លោក Can Van Luc សេដ្ឋវិទូ និងជានាយវិទ្យាស្ថានបណ្ដុះបណ្ដាល ស្រាវជ្រាវ BIDV បានឲ្យដឹងថា ការនាំចេញ និងភាពប្រកួតប្រជែងរបស់វៀតណាមកំពុងមានភាពប្រសើរឡើង ហើយប្រទេសនេះ កំពុងពឹងផ្អែកកាន់តែតិច ទៅលើឥណទានដើម្បីជំរុញកំណើន។
ចន្លោះ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឥណទាន មានចំនួន ៥៧% នៃមូលធនវិនិយោគសរុប នៅក្នុងសេដ្ឋ ប៉ុន្ដែ នៅឆ្នាំ២០១៨ និង៩ខែនៃឆ្នាំ២០១៩ ចំនួនឥណទាន មានតែប្រមាណ ៤៦% នៃមូលធនវិនិយោគសរុបប៉ុណ្ណោះ។ នេះ សបញ្ជាក់ថា មូលធនឯកជន និងការវិនិយោគផ្ទាល់ពីបរទេស គឺបាននិងកំពុងមានប្រសិទ្ធភាពវិនិយោគកាន់តែប្រសើរជាងមុន ដែលអនុញ្ញាតឱ្យឥណទានត្រូវបានផ្តល់អាទិភាពដល់វិស័យផលិតកម្ម និងអាជីវកម្ម។