ស្របពេលដែលរស្ស៊ីមានការនាំចេញសាច់ និងផលិតផលសាច់កែច្នៃកាន់តែច្រើនក៏ពិតមែនប៉ុន្ដែ ក្រសួងកសិកម្មរបស់ប្រទេសនេះ បានលើកឡើងថា វាពុំបានធ្វើឲ្យប៉ះពាល់ដល់តម្លៃម្ហូបអាហារនៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ក្រសួងកសិកម្មរុស្ស៊ី បានបន្ថែមទៀតថា តម្លៃសាច់ជ្រូកនៅឆ្នាំនេះ នឹងមិនឡើងថ្លៃនោះទេ ដោយសារតែការផ្គត់ផ្គង់ក្នុងស្រុកមានការកើនឡើងខ្លាំង ហើយការចិញ្ចឹមក៏មានការកាត់បន្ថយថ្លៃដើមទាបជាងមុនផងដែរ។
កាលពីឆ្នាំ២០២០វៀតណាមបាននាំចូលសាច់ជ្រូកប្រមាណ២៧ម៉ឺនតោន កើនឡើងដល់ទៅ ៤៤% ធៀបនឹងឆ្នាំ២០១៩។ វៀតណាមមានតម្រូវការសាច់ជ្រូកនាំចូលខ្លាំង ក៏ដោយសារតែកន្លងមកប្រទេសនេះ ជួបប្រទះនឹងជំងឺប៉ះជ្រូក ដែលបណ្ដាលឲ្យការចិញ្ចឹមជ្រូកក្នុងស្រុកប៉ះពាល់យ៉ាងខ្លាំង និងបានបង្កឲ្យការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកមានការខ្វះខាត។
កាលពីឆ្នាំ២០១៩ ជំងឺប៉ះជ្រូកអាហ្វ្រិក បានរីករាលដាពាសពេញប្រទេសជាច្រើននៅអាស៊ី បណ្ដាលឲ្យការចិញ្ចឹមជ្រូកធ្លាក់ចុះជាង១១% ហើយទិន្នផលសាច់ជ្រូកក៏មានការធ្លាក់ចុះ១២%ផងដែរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការសាច់ដែលមានខ្ពស់ កន្លងមកនេះ វៀតណាមបាននិងកំពុងនាំចូលប្រភេទសាច់ផ្សេងទៀត ក្រៅតែពីសាច់ជ្រូកផងដែរ។
ទោះជាយ៉ាងណា ដោយសារតែការផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកមានការខ្វះខាត កន្លងមកវៀតណាមក៏បាននាំចូលជ្រូករស់ពីប្រទេសថៃផងដែរ ប៉ុន្ដែ កាលពីចុងខែឧសភាកន្លងទៅនេះ វៀតណាមបានសម្រេចផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃបណ្ដោះអាសន្ន ក្រោយពីរកឃើញថា មានជ្រូកនាំចូលពីប្រទេសថៃមួយចំនួនឆ្លងជំងឺប៉ះជ្រូកអាហ្វ្រិក។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ វៀតណាមបាននាំចូលជ្រូករស់ពីថៃជិត៤៥ម៉ឺនក្បាល ស្មើនឹងបរិមាណសាច់ជ្រូកប្រមាណជិត ៤ម៉ឺន៥ពាន់តោន។ ទន្ទឹមនឹងនោះ វៀតណាមក៏បាននាំចូលជ្រូកពូជពីប្រទេសថៃជាង៣ម៉ឺន៤ពាន់ក្បាលផងដែរ៕