បើតាមសារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះតទៅ ពន្ធលើប្រេងសាំងនៅវៀតណាមនឹងកើនពី ១៣ សេន ក្នុងមួយលីត្រ ទៅដល់ ១៧សេន ក្នុងមួយលីត្រ ខណៈដែលពន្ធលើប្រេងម៉ាស៊ូតវិញ នឹងកើនពីជាង ៦សេន ទៅជាង ៨សេនក្នុងមួយលីត្រ។
បើតាមផែនការរបស់រដ្ឋាភិបាលវៀតណាម ក្រោយពីការបង្កើនពន្ធលើប្រេងឥន្ធនៈនេះ រដ្ឋនឹងធានារក្សាឲ្យបាននូវអតិផរណាក្រោម ៤%។
ទោះយ៉ាងណា ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការបរទេស លោកង្វៀន វ៉ាន់ហ្គូ បានសម្តែងការព្រួយបារម្ភថា ការដំឡើងពន្ធនេះ នឹងមានឥទ្ធិពលលើអតិផរណាក្នុងប្រទេសវៀតណាម។
ប៉ុន្ដែ លោក ក្វៀន វ៉ាន់ ហៃ ប្រធានគណកម្មាធិការជាតិ ទទួលបន្ទុកកញ្ចប់ថវិការដ្ឋ បានលើកឡើងថា អត្រាពន្ធពន្ធថ្មីនេះ នៅតែមានត្រឹម ៣៩% ប៉ុណ្ណោះ នៃតម្លៃប្រេងសាំង ដែលវានៅទាបជាងបណ្ដាប្រទេសជិតខាងរបស់វៀតណាម ដូចជាកម្ពុជា ដែលមានដល់ ៤៩% ចិនមាន ៥២% និងឡាវ មានដល់ជាង ៥៦% ឯណោះ។
បើតាមរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុវៀតណាម តម្លៃប្រេងឥន្ធនៈនៅប្រទេសនេះ គឺនៅតែមានទាបជាងបណ្ដាប្រទេស ១២០ ប្រទេសនៅទូទាំងពិភពលោក។
លោក ក្វៀន វ៉ាន់ហៃ បន្ថែមទៀតថា ពន្ធលើប្រេងឥន្ធនៈថ្មី នឹងបង្កើនថ្លៃដឹកជញ្ជូនក្នុងប្រទេសវៀតណាមប្រមាណ ០,៨៣% ប៉ុណ្ណោះ នៅក្នុងរយៈពេល៣ខែ ខណៈដែលតម្លៃថាមពលផ្សេងទៀត នឹងមិនមានការប៉ះទង្គិចនោះឡើយ។
ការដំឡើងពន្ធលើប្រេងឥន្ធនៈនេះ ត្រូវបានគេរំពឹងថា នឹងផ្ដល់ប្រាក់ចំណូលដល់រដ្ឋាភិបាលវៀតណាមប្រមាណ ជាង ៦៧៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ចំណូលដែលបានមកពីការដំឡើងពន្ធប្រេងឥន្ធនៈ នឹងត្រូវបានយកទៅប្រើប្រាស់ លើការការពារបរិស្ថាន ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ បច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ៕