បញ្ហាវិបត្តិនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកលយ៉ាងធ្ងន់ធ្ងរដោយសារមានការរំខានផ្នែកដឹកជញ្ចួន និង ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាច្រើនទៅលើប្រទេសរុស្ស៊ីពីសំណាក់ ប្រទេសលោកខាងលិច។ ប៉ុន្ដែសម្រាប់វៀតណាម បើមើលទៅលើការនាំចេញទៅរុស្ស៊ីសរុបជារួម ក៏មានការធ្លាក់ចុះដែរ ប៉ុន្ដែ ក្នុងនោះ ការនាំចេញផលិតផលមួយចំនួន ពិសេសអង្ករ មានការកើនឡើងដល់ទៅជាង២៦០% ក្នុងតម្លៃជាទឹកប្រាក់ជាង៥៥ម៉ឺនដុល្លារ។
តាមរបាយការណ៍ពីគយវៀតណាមបង្ហាញថា ក្នុងចំណោមទំនិញ ២៣មុខ ដែលវៀតណាមនាំចេញទៅរុស្ស៊ី គឺមានទំនិញ ៨មុខ ដែលមានសម្រេចបានកំណើននាំចេញ។
ជាក់ស្ដែងក្រៅពីអង្ករ ការនាំចេញកៅស៊ូទៅរុស្ស៊ី ក៏កើនឡើង ៦០% ដែរ ដែលមានតម្លៃដល់ជាង៧លានដុល្លារ និងការនាំចេញគ្រឿងម៉ាស៊ីន បរិក្ខារ កាហ្វេ និង ដែក និងដែកថែប មានកំណើនចន្លោះពី ៤% ទៅ ៤០% ផងដែរ។
ទោះជាយ៉ាងណាក្តី បើមើលទៅលើការនាំចេញសរុបរបស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ីបានធ្លាក់ចុះជិត៣០% មកត្រឹមតម្លៃទឹកប្រាក់នាំចេញ ៥៤៤ លានដុល្លារ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុននាំចេញរបស់វៀតណាម ក៏បានមើលឃើញពីកត្តាប្រឈមជាច្រើន ចំពោះការនាំចេញនៅឆ្នាំនេះ ដ្បិតថា បច្ចុប្បន្នវិបត្តិសង្គ្រាម និងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច កំពុងចាប់ផ្ដើមធ្វើឲ្យមានផលរំខានដល់ការធ្វើពាណិជ្ជកម្មកាន់តែខ្លាំងឡើង។
ឥឡូវនេះ ក្រុមហ៊ុននាំចេញវៀតណាម កំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីព័ត៌មានពីធនាគាររុស្ស៊ី ទាក់ទងនឹងបញ្ញាត្តិថ្មី និងការទូទាត់ នៅគ្រាដែលប្រទេសនេះ ត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់ហិរញ្ញវត្ថុសកល SWIFT៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន