លោក ង្វៀន ឡាំ ថាញ់ ប្រតិភូមកពីខេត្ត ឡាង សុន បានថ្លែងនៅក្នុងកិច្ចប្រជុំមួយរបស់ រដ្ឋសភាជាតិវៀតណាមថា ប្រាក់ចំណូលរបស់ សាជីវកម្មអាកាសយានដ្ឋានវៀតណាម ហៅកាត់ថា ACV គឺបានមកពី ប្រតិបត្តិការរបស់ អាកាសយានដ្ឋានចំនួន ២១ ក៏ប៉ុន្តែមានតែ ៨ប៉ុណ្ណោះ ដែលអាចរកប្រាក់ចំណេញបាន។
ដូច្នេះ សម្រាប់ដំណាក់កាលដំបូង នៃគម្រោងអាកាសយានដ្ឋាន ឡុង ថាញ់ នេះគឺ សាជីវកម្ម ACV អាចប្រមូលបានប្រមាណ ៤,៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ នៅសល់ប្រមាណ ១១ពាន់លានដុល្លារអាមេរិកទៀត មិនទាន់ដឹងច្បាស់ថា រកបានមកពីណា។
លោក ហួង វណ្ណ ជួង ប្រតិភូមកពីទីក្រុងហាណូយ បានបង្ហាញក្តីបារម្ភដូចគ្នាថា សាជីវកម្ម ACV ត្រូវការខ្ចីលុយបន្ថែមប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលទី ១ ដែលវាពិបាកណាស់ ដើម្បីទទួលបានកម្ចីនេះ។
លោក ង្វៀន វណ្ណ ធី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម បានអះអាងថា សាជីវកម្ម ACV អាចនឹងប្រមូលប្រាក់ បានប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៣៧ភាគរយនៃ តម្លៃដំណាក់កាលដំបូង ហើយនៅមាន ធនាគារជាតិ និងអន្តរជាតិ ចំនួន ១២ទៀត អះអាងថា នឹងចូលរួមប្រមាណ ៥ពាន់លានដុល្លារអាមេរិក នៅក្នុងគម្រោងមួយនេះផងដែរ។
នៅពេលដែលបញ្ចប់ដំណាក់កាលដំបូង អាកាសយានដ្ឋាន ឡុង ថាញ់ នឹងអាចទទួលអ្នកដំណើរបាន ២៥លាននាក់ ហើយនៅពេលបញ្ចប់ក្នុងឆ្នាំ ២០៣០ នឹងអាចទទួលបានដល់ទៅ ៨៥លាននាក់។
គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានមួយនេះ ត្រូវបានរដ្ឋសភាជាតិវៀតណាម អនុម័តតាំងពី ៤ឆ្នាំមុន ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២០ខាងមុខ ហើយបញ្ហាទឹកប្រាក់វិនិយោគ នៅតែជាសំណួរ ដែលគេចោទសួរថា អាចទៅរួចដែរឬទេ៕