វៀតណាមបាននាំមុខប្រទេសថៃ និងឥណ្ឌា លើការនាំចេញអង្ករទៅកាន់ប្រទេសសិង្ហបុរី ក្នុងតម្លៃជាង២៦លានដុល្លារ នៅ៣ខែខែដំបូងនៃឆ្នាំនេះ កើនឡើងជាង៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយបានក្តោបចំណែកទីផ្សារជាង៣២%។ ចំណែកថៃ បាននាំចេញអង្ករសម្រេចបានជិត២៥លានដុល្លារអាម៉េរិក ខណៈឥណ្ឌាសម្រេចបានជាង២៤លានដុល្លារអាម៉េរិក។
ទោះជាតម្លៃនាំចេញអង្ករសំរូប និងអង្ករខ្សាយរបស់វៀតណាម ទៅសិង្ហបុរី បានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែតម្លៃនាំចេញអង្ករដំណើប អង្ករក្រអូប និងអង្ករបាក់ បានជួយប៉ះប៉ូវជាមួយនឹងការធ្លាក់ចុះការនាំចេញអង្ករខ្សាយនោះ ដោយតម្លៃនាំចេញអង្ករដំណើបមានទំហំជិត៣លានដុល្លារ, អង្ករក្រអូបជាង១៣លានដុល្លារ និងអង្ករបាក់ជាង៤២ម៉ឺនដុល្លារ។
ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំនៅសិង្ហបុរី បានអះអាងថា នេះគឺជាកត្តាចម្បងដែលបានជួយវៀតណាម វ៉ាដាច់ប្រទេសថៃ និងឥណ្ឌាក្លាយជាប្រទេសដែលមានចំណែកទីផ្សារអង្ករច្រើនជាងគេនៅប្រទេសសិង្ហបុរី។ ការិយាល័យដដែលនេះ បាននិយាយថា ថៃ ឥណ្ឌា និងជប៉ុន គឺជាដៃគូប្រកួតប្រជែងដ៏សំខាន់របស់វៀតណាម នៅក្នុងទីផ្សារអង្ករនៅសិង្ហបុរី ហើយថា ការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់វៀតណាមក្នុងការបង្កើនចំណែកទីផ្សារនៅក្នុងប្រទេសសិង្ហបុរី។
ទោះជាយ៉ាងណា ការិយាល័យនេះបានណែនាំដល់ក្រុមហ៊ុននាំចេញអង្ករវៀតណាមទាំងអស់ឱ្យបន្តលើកកម្ពស់ការប្រកួតប្រជែង និងលើកកម្ពស់គុណភាពអង្ករផងដែរ ហើយការិយាល័យនេះនឹងរៀបចំការតាំងពិព័រណ៍បន្ថែមទៀត ដើម្បីបង្កើនវត្តមានអង្ករវៀតណាមនៅក្នុងទីផ្សារដ៏មានសក្តានុភាពមួយនេះ៕
អត្ថបទ៖ សុខ មង្គល