លោក នាយករដ្ឋមន្ត្រីវៀតណាម ក្វៀន សៀនហ្វុក បាននិយាយថា ថាមពលអគ្គិសនី គឺជាបញ្ហាសន្ដិសុខសង្គម ហើយបញ្ហាកង្វះថាមពលនេះ គឺមិនត្រូវឲ្យកើតមានឡើងនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
អ្នកជំនាញ ក្នុងវិស័យថាមពលអគ្គិសនី និងវិស័យផ្សេងទៀត បានព្រមានថា វៀតណាមនឹងប្រឈមបញ្ហាកង្វះថាមពលអគ្គិសនីប្រើប្រាស់នៅប៉ុន្មានឆ្នាំខាងមុខនេះ។ ស្ថាប័នឧបករណ៍ប្រើប្រាស់ថាមពលជាតិវៀតណាម បានប៉ាន់ប្រមាណថា តម្រូវការថាមពលនឹងកើនឡើងដល់ជាង ៩% ពោលគឺកើនដល់ទៅ ២៦២ ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំក្រោយនេះ ហើយរោងចក្រផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រេង នឹងអាចផលិតថាមពលបានចន្លោះពី ជាង ៣ពាន់លានគីឡូវ៉ាត់ម៉ោង ទៅដល់ ៦ពាន់លានគីឡូវ៉ាត់ម៉ោង ពោលគឺមានខ្ពស់ជាង២ ទៅ៣ ដង ធៀបនឹងឆ្នាំមុន។
ប្រទេសវៀតណាម ក៏កំពុងពិចារណាទិញថាមពលអគ្គិសនីបន្ថែមពីប្រទេសឡាវ ដើម្បីផ្គង់ផ្គង់ឲ្យគ្រប់តម្រូវការផងដែរ។
លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏ទទូចឲ្យអាជ្ញាធរអគ្គិសនីវៀតណាម បង្កើតខ្សែបណ្ដាញបញ្ចូនថាមពល និងសាងសង់គម្រោងថាមពលចំនួន១០ គម្រោងបន្ថែមទៀត។
ការប្រើប្រាស់ថាមពលបានកើនឡើង៨,៩%
ចាប់តាំងពីឆ្នាំមុន មកដល់ជិត ២៤០ ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំនេះ នេះបើតាមទិន្នន័យពីអគ្គិសនីវៀតណាម។
ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៧% នៅឆ្នាំ ២០១៩នេះ ដែលជាកំណើនខ្ពស់២ឆ្នាំជាប់គ្នា។ ទន្ទឹមនឹងកំណើននេះ វាក៏បានដាក់សម្ពាធកាន់តែខ្លាំង ទៅលើផលិតកម្មថាមពលរបស់ប្រទេសនេះ ដោយសារតែការផ្គត់ផ្គង់ធ្យូងថ្ម និងឧស្ម័នបានថយចុះ និងសក្ដានុពលវារីអគ្គិសនី ត្រូវបានទាញយកប្រើប្រាស់ស្ទើរតែគ្មានសល់ទៅហើយ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប៉ាន់ប្រមាណថា កង្វះថាមពលនៅឆ្នាំ២០២១ នឹងមាន៣ពាន់ ៧០០ លានគីឡូវ៉ាត់ម៉ោង ហើយកង្វះថាមពលខ្លាំងបំផុត គឺនឹងមានដល់ ១៥ ពាន់លានគីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២៣ មុននឹងវាធ្លាក់ចុះមកនូវ៣ពាន់៥០០ លានគីឡូវ៉ាត់ម៉ោង នៅក្នុងឆ្នាំ២០២៥៕