ស្ថិតនៅ ទីក្រុង ខេន ធូ ដែលជាទីក្រុងធំជាងគេបង្អស់នៃប្រទេសវៀតណាម រោងចក្រផលិតថាមពលបៃតង ដែលបំប្លែងកាកសំណល់តាមផ្ទះ ឲ្យទៅជាថាមពលអគ្គិសនីប្រើប្រាស់ ដោយគ្មានការបំភាយក្លិនចេញក្រៅនោះឡើយ ហើយវាត្រូវបានគេចាត់ទុកថា ជាគម្រោងគំរូមួយ ស្ថិតនៅក្រោមគម្រោងខ្សែក្រវាត់មួយ និងផ្លូវមួយរបស់ចិន។
ពីមុន ប្រជាជនវៀតណាមតែងចោល ឬប្រមូលសំរាមដុត ពិសេសសម្បកដូងតែម្ដង តែពេលនេះ ឡានដឹកសំរាម នៅទីក្រុង ខេន ធូ តែងតែចេញប្រមូលសំរាម ទាំងនោះ យ៉ាងទៀតទាត់ ដើម្បីយកទៅរោងចក្រកែច្នៃរបស់ពួកគេ។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា តាមរយៈរោងចក្រកែច្នៃសំរាមនេះ សម្បកដូង ៤ផ្លែ អាចផលិតចេញជាថាមពលអគ្គិសនីប្រើប្រាស់ជាមួយនឹងកង្ហារ បានរហូតដល់ ៤ម៉ោង។
ក្រៅពីកែច្នៃសំរាមទៅជាថាមពលអគ្គិសនីហើយនោះ រោងចក្រនេះ ក៏អាចកែច្នៃសំរាម ទៅជាផលិតផលប្រើប្រាស់ដទៃទៀតផងដែរ។
ត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៨ រោងចក្រកែច្នៃសំរាមនេះ បានប្រមូលសំរាមកែច្នៃបានជាង ៥ម៉ឺន ៦ពាន់តោន ដោយក្នុងនោះ សំរាមភាគច្រើនប្រមាណ ៦០% ប្រមូលមកពី ក្រុង ខៅ ធូ។
អ្នកជំនាញ បានបញ្ជាក់ថា វាពិតជាមានការលំបាកណាស់ សម្រាប់ប្រទេសតំបន់ដីសណ្ដទន្លេមេគង្គ ដូចជាវៀតណាម ក្នុងការអភិវឌ្ឍវារីអគ្គិសនី ដោយសារតែសណ្ឋានដីរាបស្មើ បណ្ដាញខ្សែទន្លេញឹក និងទឹកហូរធ្លាក់តិច។
យ៉ាងណាមិញ បច្ចេកវិទ្យារោងចក្រថាមពលបៃតង ដែលក្រុមហ៊ុនចិន បាននាំមកប្រទេសវៀតណាមនោះ គឺជាគំរូការអភិវឌ្ឍបៃតងមួយក្នុងប្រទេសវៀតណាម និងត្រូវបានគេមើលឃើញថា នឹងជួយទាញមកនូវសក្ដានុពលយ៉ាងធំធេង៕