ទោះបីជាមានបញ្ហាប្រឈមនៅចំពោះមុខ លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បែរជាអះអាងថា គោលដៅសំខាន់បំផុតរបស់រដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំនេះ គឺទប់ស្កាត់ការរាតត្បាតនៃមេរោគកូរ៉ូណា ធានាឲ្យបាននូវ សុវត្ថិភាព សុខភាព និងជីវិតរបស់ប្រជាជន ហើយនឹងសម្រេចឲ្យបាននូវ កំណើនសេដ្ឋកិច្ច ៦.៨% ទៅតាមការកំណត់របស់ រដ្ឋសភាជាតិ។
ជាចុងក្រោយ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ថា នៅពេលនេះ វៀតណាម គ្មានមូលដ្ឋាន ក្នុងការកែសម្រួលគោលដៅ កំណើនសេដ្ឋកិច្ចនោះទេ ហើយលោក បានស្នើដល់ សមាជិកក្រុមប្រឹក្សា ឲ្យបង្ហាញពី ដំណោះស្រាយដ៏សមស្រប ឆ្លើយតបទៅនឹងផលអវិជ្ជមាន ដែលបង្កឡើងដោយមេរោគកូរ៉ូណា។
អគ្គនាយកដ្ឋានគយវៀតណាម បានគូសបញ្ជាក់ថា អំឡុងពេល ២ខែនេះ វៀតណាម បាននាំចេញទំនិញជាង ៣៩ពាន់លានដុល្លារអាមេរិក កើនឡើង ៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក្នុងនោះ ផលិតផលជាច្រើនប្រភេទ មានកំណើនល្អប្រសើរដូចជា ទូរស័ព្ទ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក ជាពិសេសគ្រឿងបង្គំគ្រប់ប្រភេទ។ដោយឡែក ការនាំចូលទំនិញរបស់វៀតណាម ក៏មានការកើនឡើងមកដល់ ៣៧,២ពាន់លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណ ៣%។
បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា វៀតណាម អាចនឹងជម្រុញកំណើនការនាំចេញបន្ថែមទៀត នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង វៀតណាម និងសហភាពអឺរ៉ុប ចូលជាធរមាន នៅខែកក្កកា ខាងមុខនេះ។
យ៉ាងណាក្តី ក្រសួង ក៏ពុំបានមើលរំលងលើ មេរោគកូវីដ១៩ នេះដែរ ដោយគូសបញ្ជាក់ថា មេរោគនេះ បានបង្កការលំបាកជាច្រើនដល់ សកម្មភាពពាណិជ្ជកម្ម ហើយសិនជាបញ្ហានេះ នៅតែអូសបន្លាយ ពិតណាស់ វានឹងប៉ះពាល់ដល់ កំណើននៃការនាំចេញរបស់វៀតណាម ក្នុងឆ្នាំនេះ៕