ក្រុមហ៊ុន Vietnam Airlines បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនកំពុងពិចារណាទិញយន្តហោះធន់ធំប្រភេទ ប៊ូអ៊ីង ចំនួន ២គ្រឿង ដើម្បីរៀបចំសម្រាប់ដំណើរការជើងហោះហើរពីទីក្រុងហូជីមិញ ទៅកាន់ទីក្រុង Los Angeles ឬ San Francisco ក្នុងឆ្នាំ២០២០ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ការចាប់ផ្តើមជើងហោះហើរដំណាក់កាលដំបូង នឹងមានការចុះចតក្នុងប្រទេសជប៉ុន ឬតៃវ៉ាន់ ឬកូរ៉េខាងត្បូង តែក្រោយមក នឹងហោះហើរត្រង់តែម្តងក្នុងឆ្នាំ២០២២ខាងមុខ។
លោក ឌួង ទ្រី ថាន់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Vietnam Airlines បានពន្យល់ឲ្យដឹងថា នៅក្នុងអាជីវកម្មខាងវិស័យអាកាសចរណ៍ ផ្លូវធ្វើដំណើរកាន់តែឆ្ងាយ គឺកាន់តែមានការប្រកួតប្រជែងខ្លាំង តែយ៉ាងណាមិញ ក្រុមហ៊ុនបានសម្លឹងឃើញផ្លូវរត់ថ្មីរវាងវៀតណាម-តំបន់ឆ្នេរខាងលិចរបស់អាមេរិក ដែលរំពឹងទទួលបានអ្នកដំណើរ ១លាននាក់ក្នុងមួយឆ្នាំ។
លោកបានបន្ថែមថា ក្រុមហ៊ុនអាចនឹងខាតបង់ប្រមាណ ៣០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់ការបើកជើងហោះហើរត្រង់ទៅអាមេរិកនេះ ហើយអាចនឹងរកចំណូលមិនបានក្នុងចន្លោះប្រមាណ ៥ ទៅ ១០ឆ្នាំឯណោះ ដែលត្រូវការឲ្យរដ្ឋាភិបាលវៀតណាមជួយគាំទ្រ។
ក្រុមហ៊ុន Bamboo Airways ក៏បានកុម្ម៉ង់ទិញយន្តហោះធន់ធំ ២០គ្រឿង កាលពីឆ្នាំមុន ហើយនឹងបន្ថែម ១០គ្រឿងទៀត ក្នុងឆ្នាំ២០១៩នេះ សរុបជាទឹកប្រាក់ប្រមាណ ៨ពាន់ ៦រយលានដុល្លារអាមេរិក ហើយក៏រៀបចំខ្លួន សម្រាប់បើកជើងហោះហើរត្រង់ទៅអាមេរិក នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខនេះ។
រម្លឹកជាថ្មីថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិកបានអនុញ្ញាតឲ្យវៀតណាម បើកជើងហោះហើរត្រង់មកកាន់ទីក្រុងរបស់ខ្លួន ហើយជនជាតិវៀតណាមជាង ២លាននាក់ ដែលរស់នៅអាមេរិក ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រភពនៃតម្រូវការជើងហោះហើរទាំងអស់នេះ។
គួរជម្រាបដែរថា វិស័យអាកាសចរណ៍វៀតណាម មានសន្ទុះកើនឡើងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងឆ្នាំ២០១៨ បានទទួលអ្នកដំណើរជាង ៥០លាននាក់ កើនឡើងប្រមាណ ១០ភាគរយ ធៀបនឹងឆ្នាំ២០១៧ កន្លងទៅ៕