របាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យ CBRE បានគូសបញ្ជាក់ឲ្យដឹងថា តំបន់ឧស្សាហកម្មនៅជាប់មាត់សមុទ្ររបស់ប្រទេសវៀតណាម ចាប់ផ្តើមមានភាពទាក់ទាញ ដូចទៅនឹងតំបន់ជាប់មាត់សមុទ្ររបស់ប្រទេសជិតខាងដែរ ដូចជា ថៃ និងចិនជាដើម ដែលមានតម្រូវការអចលនទ្រព្យខ្ពស់ ទាក់ទាញការវិនិយោគជាច្រើន និងមានសកម្មភាពទិញ-លក់-ជួល យ៉ាងសកម្ម។
ជាក់ស្តែង នៅតំបន់ភាគខាងជើងវៀតណាម គឺមានទីក្រុងហាយផុង ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសវៀតណាម ហើយក៏កំពុងតែចាប់យកឱកាស និងសក្តានុពល ក្នុងការអភិវឌ្ឍបង្កើតតំបន់ឧស្សាហកម្មជាប់មាត់សមុទ្រនេះ។
ក្រៅពីនោះគឺមាន ខេត្តគួង នីញ ដែលមានផ្ទៃដីធំទូលាយ សម្រាប់ការបង្កើតតំបន់ឧស្សាហកម្មខ្នាតធំ នាពេលអនាគត ហើយរំពឹងថា នឹងអាចក្លាយជាក្បាលម៉ាស៊ីន សម្រាប់ទាក់ទាញការវិនិយោគថែមទៀតផង។
ដើម្បីឲ្យកាន់តែទាក់ទាញ រដ្ឋាភិបាលវៀតណាម បានផ្តល់អាទិភាពលើ ការអភិវឌ្ឍលើវិស័យឧស្សាហកម្មផលិត និងកែច្នៃ ហើយវិនិយោគិន អាចនឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធពិសេស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទទួលបានការបណ្តុះបណ្តាលសម្រាប់បុគ្គលិក រយៈពេល ២ឆ្នាំដំបូងផងដែរ។
សូមជម្រាបថា គិតត្រឹម ៣ត្រីមាស ឆ្នាំ ២០២០នេះ ការវិនិយោគនៅក្នុងតំបន់ឧស្សាហកម្ម ក្នុងខេត្តក្រុងចំនួន ៥ នៅភាគខាងជើងរបស់វៀតណាម គឺមានទំហំផ្ទៃដីសរុប ១ម៉ឺន ៣ពាន់ហិកតា ដែលក្នុងនោះ ដី ៩ពាន់ហិកតា គឺជាដីដែលអាចជួលបាន ហើយអត្រាកាន់កាប់ និងប្រើប្រាស់ដី នៅសួនឧស្សាហកម្ម គឺមានចំនួនវិជ្ជមាន ៨០%៕