
មិនតែប៉ុណ្ណោះ បើនិយាយរឿងការសិក្សា វៀតណាមបញ្ជូននិស្សិតទៅរៀននៅប្រទេសមហាអំណាច អតីតជាសត្រូវមួយនេះ ច្រើនជាងគេបំផុត នៅក្នុងអាស៊ានយើងនេះ។
សារព័ត៌មាន VN Express ចុះផ្សាយថ្មីៗនេះ ថា គិតត្រឹមខែមីនា ឆ្នាំ២០១៧ វៀតណាមបានបញ្ជូននិស្សិតជិត ៣ម៉ឺន ១ពាន់នាក់ ទៅសិក្សានៅសហរដ្ឋអាមេរិក។
ចំនួននេះធ្វើឲ្យវៀតណាមជាប់លេខ៥ ក្នុងចំណោមប្រទេសនៅលើពិភពលោកដែលបានបញ្ជូននិស្សិតទៅរៀននៅអាមេរិក និងជាប់លេខ១ ក្នុងក្របខ័ណ្ឌប្រទេសអាស៊ានទាំង១០។

គិតចាប់តាំងពីឆ្នាំ២០០៩មក ចំនួននិស្សិតវៀតណាមដែលទៅរៀននៅអាមេរិក កើនឡើងស្ទើរតែទ្វេដង ពោលគឺ ១ម៉ឺន ៦ពាន់នាក់ នាឆ្នាំ២០០៩ ធៀបនឹងជាង ៣ម៉ឺននាក់ នាឆ្នាំ២០១៧។
ក្រៅពីអាមេរិក ប្រទេសដែលជាគោលដៅសិក្សាជាទីពេញនិយមសម្រាប់និស្សិតវៀតណាមដែរនោះ គឺអង់គ្លេស និងអូស្ត្រាលី។
ប្រជាជនវៀតណាមមានចំណូលប្រចាំឆ្នាំសរុប ២១០០ដុល្លារ (តួលេខឆ្នាំ២០១៥) ប៉ុន្តែ ក្នុងមួយឆ្នាំ ប្រជាជនវៀតណាមចាយលុយជិត ១ពាន់លានដុល្លារ ទៅលើថ្លៃសាលា និងការចំណាយលើការរស់នៅរបស់កូនៗ ដែលទៅរៀននៅសហរដ្ឋអាមេរិក៕