អឺរ៉ុបនៅតែស្ថិតក្នុងចំណោមបងពាណិជ្ជកម្មរបស់វៀតណាម ថៃ និងកម្ពុជា
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញទំនិញរបស់វៀតណាមធំបំផុតទី២ បន្ទាប់ពីអាមេរិក ដែលមានទំនិញនាំចេញសំខាន់ដូចជា សម្លៀកបំពាក់ និងអាហារ។ កាលពីឆ្នាំមុន វៀតណាមនាំចេញទំនិញ ទៅអឺរ៉ុបសម្រេចបានជិត ៤២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៩% ធៀបនឹងឆ្នាំ២០១៧ ខណៈដែលការនាំចូលពីអឺរ៉ុបមកវិញមានជិត ១៤ពាន់លានដុល្លារ កើនឡើងជិត១៤%។
ដោយឡែកសម្រាប់ប្រទេសថៃវិញ សហភាពអឺរ៉ុប ត្រូវបានគេដឹងថា គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្មរវាងថៃ និងសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១៨ សម្រេចបានកំណើនជាង ៦ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ ជាង ៤៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៩% នៃទំហំពាណិជ្ជកម្មសរុបរបស់ថៃ។ ក្នុងនោះ ថៃបាននាំចេញទៅអឺរ៉ុប មាន ២៥ពាន់លានដុល្លារអាមេរិក កើន ជាង ៥% ធៀបនឹងឆ្នាំមុន ខណៈនាំចូលពីអឺរ៉ុបមកវិញ មានជាង ២២ពាន់លានដុល្លារ កើនប្រមាណ ៨%។
បើងាកមកចាប់អារម្មណ៍ពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុបវិញ មានប្រមាណ ៧ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៨។ ក្នុងនោះ មានជាង ៦ពាន់លានដុល្លារអាមេរិកទៅហើយ ដែលកម្ពុជាបាននាំចេញទៅកាន់អឺរ៉ុប។ ហើយសហភាពអឺរ៉ុបនេះ ត្រូវបានដឹងថា គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់កម្ពុជា បន្ទាប់ពីចិន ដែលមានចំណែកពាណិជ្ជកម្មសរុបជាង ១៧% ខណៈចិន មានជិត២៤%។
តើវៀតណាម និងចំណេញអ្វីខ្លះ ពីភាពជោគជ័យលើការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប ?
មុននឹងយើងនិយាយពីផលប្រយោជន៍ ដែលវៀតណាមនឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងអឹរ៉ុបនេះ យើងក៏ត្រូវដឹងដែរថា ទម្រាំបានសម្រេចកិច្ចព្រមព្រៀងនេះ វៀតណាមចំណាយពេលរហូតដល់ ៩ឆ្នាំឯណោះ ក្នុងការចរចាជាមួយអឺរ៉ុប។
ចាប់ផ្ដើមកិច្ចចរចាតាំងពីឆ្នាំ២០១០ មកទល់នឹងថ្ងៃទី ៣០ មិថុនាឆ្នាំ២០១៩ វៀតណាមបានសម្រេចមហិច្ឆតារបស់ខ្លួនដោយបានចុះហត្ថលេខាជាមួយនឹងសហភាពអឺរ៉ុប លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅរដ្ឋធានីហាណូយប្រទេសវៀតណាម នៅថ្ងៃទី ៣០ មិថុនា ២០១៩។ ក្នុងនោះ របាំងពន្ធគយរហូតដល់ជាង៩៩% ឯណោះ នឹងត្រូវបានលុបចោល សម្រាប់ការនាំចេញទំនិញវៀតណាមទៅអឺរ៉ុបក្នុងរយៈពេល៧ឆ្នាំ។
ចំពោះវៀតណាម ក្រោយពីកិច្ចព្រមព្រៀងនេះ ចូលជាធរមានភ្លាម នោះពន្ធគយប្រមាណ៨៥,៦% នឹងត្រូវលុបចោល សម្រាប់ការនាំចេញទៅអឺរ៉ុប និងនៅ ៧ឆ្នាំក្រោយ នឹងលុបចោលពន្ធគយរហូតដល់ដល់ ៩៩,២%។
រីឯអឺរ៉ុបវិញ ក្រោយពីកិច្ចព្រមព្រៀងចូលធរមានភ្លាម ពន្ធគយប្រមាណ ៤៨,៥% នឹងត្រូវលុបចោល សម្រាប់ទំនិញនាំពីអឺរ៉ុបទៅវៀតណាម និងនៅរយៈពេល ៧ឆ្នាំក្រោយ នឹងលុបចោលពន្ធគយ ៩១,៨% ហើយនៅរយៈពេល ១០ឆ្នាំ នឹងលុប ៩៨,៣%។
វៀតណាមត្រូវបានគេមើលឃើញថា នឹងទាញបានប្រយោជន៍ធំ ពីកិច្ចព្រមព្រៀងនេះ។ តួយ៉ាង តាមការព្យាករណ៍ នៅឆ្នាំ២០២០ កំណើនការនាំចេញរបស់វៀតណាមទៅកាន់អឺរ៉ុបនឹងកើនឡើង ២០% ខណៈការនាំចូលពីអឺរ៉ុបមកវិញ នឹងកើនឡើង ១៥,៣%។ នៅឆ្នាំ២០២៥ ការនាំចេញវៀតណាមរំពឹងកំណើន៤២,៧% និងឆ្នាំ ២០៣០ កើនឡើងដល់ ៤៤,៤%។
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងនេះ ក៏នឹងចូលរួមរុញកំណើនសេដ្ឋកិច្ចវៀតណាម ប្រមាណ ២,២ ទៅ៣,៣ ភាគរយ នៅឆ្នាំ២០១៩ -២០២៣។ និង ៤,៦ទៅ ៥,៣ ភាគរយ នៅឆ្នាំ ២០២៤-២០២៨ និង៧,១ ទៅ៧,៧ ភាគរយនៅឆ្នាំ២០២៩-២០៣៣។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម អឺរ៉ុបនេះ ត្រូវបានគេដឹងថា គឺជាកិច្ចព្រមព្រៀងបើកចំហរទីផ្សារគ្រប់ជ្រុយជ្រោយជាលើកដំបូងមួយរបស់អឺរ៉ុបដែលធ្វើជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី។
មន្ត្រីជាន់ខ្ពស់វៀតណាម បញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ វៀតណាម នឹងអាចបង្កើនការនាំចេញទំនិញដូចជាវាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងអាហារសមុទ្រ។
ប្រទេសថៃ កំពុងដាក់ចិត្តដាក់កាយ ដើម្បីដឹកដៃអឺរ៉ុបចូលតុចរចាឡើងវិញ
អស់រយៈពេល៥ ឆ្នាំមកហើយ ដែលការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងសហភាពអឺរ៉ុបត្រូវបានផ្អាក ដោយសារតែប្រទេសថៃមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ ទោះយ៉ាងណា រាជរដ្ឋាភិបាលទើបជាប់ឆ្នោតថ្មីរបស់ថៃ បានបង្ហាញពីឆន្ទៈរបស់ខ្លួននឹងជំរុញការពិភាក្សាជាមួយសហភាពអឺរ៉ុប ទាក់ទងនឹងផលប៉ះពាល់នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ឬហៅថា Brexit ក៏ដូចជាជំរុញឲ្យ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី រវាងថៃ និងសហភាពអឺរ៉ុប អាចរស់ឡើងវិញផងដែរ។
ទោះបីអឺរ៉ុបហាក់ដកឃ្លាចេញពីតុចរចាជាមួយប្រទេសថៃក្ដី ប៉ុន្ដែ ថៃ នៅតែតាមបញ្ចុះបញ្ចូលអឺរ៉ុបដើម្បីស្វែងរកច្រកចេញ និងឈានទៅសម្រេចកិច្ចព្រមព្រៀងនេះ។
គិតមកទល់បច្ចុប្បន្ន ប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣ ដែលកិច្ចព្រមព្រៀងចុងក្រោយនោះ គឺបានធ្វើឡើងរវាងអាស៊ាន និងហុងកុង ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការវិនិយោគ ដែលវាបានចូលជាធរមានតាំងពីថ្ងៃទី ១១ខែមិថុនា កន្លងទៅ។
តាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសថៃ បានឲ្យដឹងថា រយៈពេលល៤ខែ ឆ្នាំ២០១៩នេះ ការនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ថៃ មានប្រមាណ ជាង ២២.៥០០ លាន ដុល្លារអាមេរិក កើនឡើងប្រមាណជិត៤%។
ដោយឡែកចំពោះ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPវិញប្រទេសថៃ ទទួលបានការអនុគ្រោះពន្ធនេះ ពីប្រទេសចំនួន ៤ គឺអាមេរិក ស្វីស័រឡែន រុស្ស៊ី និងន័រវេ ដែលមានទំហំនាំចេញសរុបរបស់ថៃ មានជាង១.៧០០ លានដុល្លារ នៅរយៈពេល៤ខែឆ្នាំនេះ កើនឡើងជាង២២%។ ក្នុងនោះ ការនាំចេញរបស់ថៃ ទៅអាមេរិកគឺមានធំជាងគេ។
សម្រាប់ឆ្នាំនេះដែរ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសថៃ បានកំណត់គោលដៅនឹងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ការនាំចេញឲ្យសម្រេចបានកំណើន ៩% ដែលមានតម្លៃទំហំទឹកប្រាក់ប្រមាណ ៨១ពាន់លានដុល្លារអាមេរិក ដែលកើនឡើងពី ៧៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។
ទាក់ទងនឹងទីផ្សារអឺរ៉ុបនេះដែរ សម្រាប់កម្ពុជាឯណោះវិញ ក៏កំពុងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) សម្រាប់ការនាំចេញទៅអឺរ៉ុបផងដែរ។ ធនាគារពិភពលោកនៅថ្ងៃទី ៦ ឧសភានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ បានប៉ាន់ប្រមាណថា កម្ពុជា អាចនឹងបាត់បង់ចំណូលពីការនាំចេញប្រហែលជាង ៦៥០ លានដុល្លារអាមេរិក ប្រសិនបើសហភាពអឺរ៉ុប ពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។ ទំនិញដែលកម្ពុជានាំទៅអឺរ៉ុប គឺមាន ៨០ ភាគរយ ទៅហើយ គឺជាសម្លៀកបំពាក់ បន្ទាប់មក គឺផលិតផលស្បែកជើង កង់ និងអង្ករ។
យ៉ាងណាក៏ដោយចុះ ធនាគារពិភពលោក បានគូសបញ្ជាក់ដែរថា ប្រសិនបើសហភាពអឺរ៉ុប ពិតជាព្យួរមែន EBA ពីកម្ពុជាក៏ដោយ ប៉ុន្ដែ កម្ពុជាអាចមានផ្លូវក្នុងការសម្រាលផលប៉ះទង្គិចពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បានដោយត្រូវកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម និងលើបែបបទសម្រាប់ការនាំចេញនានា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់នៅក្នុង ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨ កាលពីចុងខែមីនា ឆ្នាំ២០១៩ នេះ ថា សម្រាប់ការធ្វើកំណែទម្រង់ជំហានដំបូងនេះ វិស័យឯកជន នឹងចំណេញប្រមាណ ៤០០ លានដុល្លារអាមេរិកឯណោះ៕
អត្ថបទនេះ មានផ្នែកខ្លះ ត្រូវបានស្រាវជ្រាវ និងដកស្រង់ពី៖ Vietnam Express, Bangkok Post, European Commission