ក្រោយពុំទទួលបានលទ្ធផលផ្លែផ្កាក្នុងការដាក់ឱ្យដេញថ្លៃនៅលើកទី១ ធនាគារកណ្តាលវៀតណាមនឹងដាក់ឱ្យអ្នកវិនិយោគនិងស្ថាប័នហិរញ្ញវត្ថុដេញថ្លៃលក់មាសជិត១៧ពាន់តម្លឹងជាលើកទី២ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីទាញទម្លាក់តម្លៃមាសក្នុងស្រុក ដែលកំពុងហក់ឡើងថ្លៃខ្ពស់។ សម្រាប់ការដេញថ្លៃនៅលើកទីពីរនេះ អ្នកទិញអាចដេញថ្លៃទិញយកមាសនៅក្នុងមួយស្ថាប័នចាប់ពី១ពាន់៤រយទៅ២ពាន់តម្លឹង ជាមួយតម្លៃនៃការដេញថ្លៃទាបជាងតម្លៃទីផ្សារ១,៤៥%។
បច្ចុប្បន្នតម្លៃមាសនៅលើទីផ្សារក្នុងប្រទេសសង្គមនិយម ដែលមានពលរដ្ឋជាង១០០លាននាក់មួយនេះ គឺមានតម្លៃជាង៣ពាន់២រយដុល្លារនៅក្នុងមួយតម្លឹង។ អ្នកជំនាញក្នុងឧស្សាហកម្មមាសវៀតណាមមួយចំនួនបាននិយាយថា មូលហេតុដែលការរៀបចំដេញថ្លៃមាសលើកទី១ប្រចាំឆ្នាំ២០២៤ បរាជ័យ គឺដោយសារតែការកំណត់តម្លៃចាប់ផ្តើមដេញថ្លៃខ្ពស់ពេក។
ក្រោយការដេញថ្លៃលើកទី១បានបរាជ័យ លោក ឡេ មិញខៃ (Le Minh Khai) ឧបនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាឱ្យធនាគារកណ្តាលធានាការផ្គត់ផ្គង់មាសឲ្យសមហេតុផលជាងមុនដើម្បីរក្សាស្ថិរភាពតម្លៃ។
គួររំលឹកថា នៅពេលដេញថ្លៃមាសលើកទី១ ប្រចាំឆ្នាំ២០២៤ ចាប់ផ្តើម នៅក្នុងចំណោមស្ថាប័នដែលបានចុះបញ្ជីដេញថ្លៃទាំង១១ មានតែអ្នកដេញថ្លៃមកពីស្ថាប័ន២ប៉ុណ្ណោះ ដែលបានដេញថ្លៃ ដោយពួកគេទិញយកមាសត្រឹមតែ៣ពាន់៤រយតម្លឹងប៉ុណ្ណោះ នៅក្នុងចំណោមបរិមាណមាសដែលដាក់ឱ្យដេញថ្លៃសរុបជិត១៦ពាន់៨រយតម្លឹង។
អ្នកវិភាគយល់ឃើញថា ការបរាជ័យក្នុងការទាក់ទាញអ្នកវិនិយោគចំពោះការដាក់ឱ្យដេញថ្លៃមាសទី១ គឺដោយសារធនាគារកណ្តាលវៀតណាម ព្យាយាមរកប្រាក់ចំណេញពីការដេញថ្លៃដូចសហគ្រាសឯកជន ជាជាងបំពេញតួនាទីរបស់ខ្លួនជានិយ័តករ។
អ្នកនាំពាក្យសមាគមពាណិជ្ជកម្មមាសវៀតណាម បាននិយាយថា ធនាគារកណ្តាលគួររៀនពីចំណុចនេះ ហើយទម្លាក់តម្លៃអប្បបរមារបស់ខ្លួន ជាពិសេសនៅពេលតម្លៃពិភពលោកកំពុងធ្លាក់ចុះ។ ហើយប្រសិនបើធនាគារកណ្តាលចង់សម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបង្រួមគម្លាតរវាងតម្លៃក្នុងស្រុក និងពិភពលោក ធនាគារត្រូវធ្វើយ៉ាងណារក្សាតម្លៃមាសក្នុងស្រុកឱ្យស្ថិតក្នុងកម្រិតមួយទាប៕
ដោយៈ សរ សុជាតិ