ក្នុងចំណោមវ៉ាក់សាំង១២០លានដូស ដែលវៀតណាមនឹងទទួលបាននៅឆ្នាំ២០២១នេះ ត្រូវបានក្រសួងសុខាភិបាលវៀតណាម អះអាងថា មាន៥លានដូសជាវ៉ាក់សាំងមកពីអាមេរិក Moderna, ២០លានដូសទៀត ជាវ៉ាក់សាំង Sputnik V ពីប្រទេសរុស្ស៊ី និង ៣១លានដូសទៀត ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក និងដៃគូអាល្លឺម៉ង់ Pfizer-BioNTech។
បន្ថែមលើសពីនេះទៅទៀត វៀតណាម ក៏នឹងទិញវ៉ាក់សាំង AstraZeneca ចំនួន៣០លានដូស និង ជិត ៣៩លានដូសទៀត គឺជាជំនួយមកពីកម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោក។ ប៉ុន្ដែ ចំនួនវ៉ាក់សាំងទាំងអស់ខាងលើនេះ ភាគច្រើនគឺគ្រាន់តែស្ថិតនៅក្នុងបញ្ជី ដែលវៀតណាមនឹងទទួលបានប៉ុណ្ណោះ ប៉ុន្តែការដែលទទួលបានជាក់ស្ដែងក្នុងចំនួនប៉ុន្មាននោះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ដ្បិតថា បច្ចុប្បន្នតម្រូវការវ៉ាក់សាំងទូទាំងសកលលោកកំពុងមានការកើនឡើងខ្លាំង ហើយខ្សែចង្វាក់ផលិតផ្គត់ផ្គង់វ៉ាក់សាំង ពិសេសការផ្គត់ផ្គង់សម្រាប់កម្មវិធីកូវ៉ាក់ក៏កំពុងជួបបញ្ហាដែរ ក្រោយពីប្រទេសឥណ្ឌាដែលជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងដ៏ធំរបស់កម្មវិធីនេះ កំពុងជួបបញ្ហាឆ្លងរាលដាលកូវីដ-១៩ធ្ងន់ធ្ងរ។
បើមើលទៅលើតួលេខនេះបង្ហាញឲ្យឃើញថា វៀតណាមគឺមានការបញ្ជាទិញវ៉ាក់សាំងជិតគ្រប់ទៅនឹងចំនួនផែនការ១៥០លានដូសរបស់ខ្លួនទៅហើយនៅឆ្នាំនេះ សម្រាប់ចាក់ជូនពលរដ្ឋឲ្យបាន ៧៥%នៃចំនួនពលរដ្ឋសរុបហើយ។ អ្វីដែល គេចាប់អារម្មណ៍ ក្រៅតែពីការបញ្ជាទិញវ៉ាក់ហើយ វៀតណាមក៏មានការចរចានាំយកបច្ចេកទេសផលិតវ៉ាក់សាំងចូលមកផលិតក្នុងប្រទេសខ្លួនផងដែរ និងមានគោលដៅផលិតសម្រាប់ផ្គត់ផ្គង់ឲ្យកម្មវិធីកូវ៉ាក់ថែមទៀតផង។
សូមបញ្ជាក់ថា ប្រទេសវៀតណាមបច្ចុប្បន្ននេះ កំពុងប្រឈមនឹងរលកឆ្លងកូវីដ-១៩ជាថ្មី ចាប់តាំងពីដើមខែឧសភា មក ក្រោយពីប្រទេសនេះបានស្ងប់ស្ងាត់ការឆ្លងរាលដាលមួយរយៈធំ។ ចំនួនអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតនៅវៀតណាមបានហក់ឡើងដល់ជាង៥០០នាក់ក្នុងមួយថ្ងៃ ប៉ុន្ដែចំនួននេះ បានថមថយមកវិញបន្ដិចហើយ គិតតែ១ថ្ងៃទី ៣ ខែមិថុនា មានអ្នកឆ្លងថ្មីត្រឹមតែ៩៦នាក់ប៉ុណ្ណោះ។ បើគិតពីតួលេខអ្នកឆ្លងសរុបនៅវៀតណាមមកទល់ពេលនេះមានជិត៨ពាន់នាក់ហើយ និងអ្នកស្លាប់មានចំនួន៤៩នាក់៕