វិស័យទេសចរណ៍វៀតណាម បានប៉ាន់ប្រមាណថា នឹងទទួលបានទេសចរជនជាតិចិនតិចជាង ២លាននាក់ ដោយសារតែបញ្ហាវីរុសកូរ៉ូណា ដែលជាលទ្ធផលគឺនឹងមានការបាត់ចំណូលប្រមាណ ១.៨០០លានដុល្លារ ទៅ២ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីរាយការណ៍មួយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ គឺវិទ្យុសំឡេងវៀតណាម។
ប្រទេសចិន ដែលបានផ្ទុះឡើងនៃវីរុសកូរ៉ូណាកាលពីចុងឆ្នាំ២០១៩កន្លងនេះ ត្រូវបានគេមើលឃើញថា គឺជាប្រភពភ្ញៀវទេសចរដ៏ធំបំផុត នៃចំនួនភ្ញៀវទេសចរអន្តរជាតិរបស់វៀតណាម ដោយមានចំនួន ១ភាគ៣ នៃភ្ញៀវទេសចរសរុប ១៨លាននាក់។
ប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា នឹងឈប់ផ្ដល់ទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរបរទេសទាំងឡាយណា ដែលបានធ្វើដំណើរមុន២សប្ដាហ៍ទៅកាន់ប្រទេសចិន។
រដ្ឋាភិបាលវៀតណាម កាលពីពេលថ្មីៗនេះ បានព្យាករកំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ទំនងជានឹងមានការធ្លាក់ចុះទាបជាងគោលដៅកំណត់ ៦,៨%។
សូមជម្រាបថា តាមរបាយការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណា នៅតែបន្ដកើនឡើងជាលំដាប់ ពោលគិតមកទល់ថ្ងៃចន្ទ ទី១០ កុម្ភៈនេះ ចំនួនអ្នកស្លាប់ បានកើនឡើងដល់ជាង៩០០ នាក់ហើយ ខណៈអ្នកដែលបានឆ្លងមានជាង ៤ម៉ឺនករណី រីឯអ្នកដែលត្រូវបានព្យាបាលធូរស្បើយវិញមានជាង៣.៣០០នាក់។ ក្នុងនោះ នៅប្រទេសវៀតណាម មានករណីឆ្លងវីរុសកូរ៉ូណានេះ ចំនួន ១៤ករណី៕