អគ្គនាយកដ្ឋានគយវៀតណាម បានគូសបញ្ជាក់ថា គ្រាន់តែអតិរេកពាណិជ្ជកម្ម ក្នុងខែមីនា គឺសម្រេចបានប្រមាណ ២ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឲ្យ ទំហំអតិរេកពាណិជ្ជកម្មវៀតណាម ក្នុងត្រីមាសទី ១នេះ កើនដល់ ៣,៧ពាន់លានដុល្លារអាមេរិក។
វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជិត ៨០ពាន់លានដុល្លារអាមេរិក ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី ខណៈដែល ការធ្វើជំនួញជាមួយអាមេរិក មានទំហំ ២៤ពាន់លានដុល្លារអាមេរិក កើនឡើងខ្ពស់បំផុត ១៨%។
លើសពីនេះ ទោះបីជាមានវិបត្តិមេរោគដ៏សាហាវក៏ដោយ វៀតណាម នៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយ ប្រទេសចិន បានល្អបំផុត ក្នុងត្រីមាសទី១នេះ ដោយសម្រេចបាន ៩,៣ពាន់លានដុល្លារអាមេរិក កើនឡើងរហូតដល់ទៅ ២៤% ឯណោះ។
គួរជម្រាបដែរ ទំនិញដែលវៀតណាម នាំចេញច្រើនជាងគេ រួមមាន ទូរស័ព្ទ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ក៏ដូចជា ផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាដើម ហើយ វៀតណាម ក៏នាំចូលមកវិញនូវ គ្រឿងបង្គុំអេឡិចត្រូនិក និងសម្ភារៈវត្ថុធាតុដើម សម្រាប់វិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់៕