ក្រុមអ្នកធ្វើច្បាប់នៃទីក្រុងហាណូយ បានផ្ដួចផ្ដើមនូវសំណើហាមប្រាមការជិះម៉ូតូនៅកណ្ដាលទីក្រុង ដើម្បីស្ទាបស្ទង់មតិមហាជន នាដើមខែនេះ និងថា គេគ្រោងនឹងធ្វើសេចក្ដីសម្រេចចិត្ត នៅខែកក្កដាខាងមុខនេះ។
យោងតាមសារព័ត៌មាន VN Express នៅក្រោមផែនការនេះ ពីឆ្នាំ២០៣០ទៅ នៅតាមដងផ្លូវនានាកណ្ដាលទីក្រុងហាណូយ នឹងគ្មានការបើកបរម៉ូតូទៀតឡើយ។
ប៉ុន្តែ គម្រោងនេះត្រូវបានអ្នកជំនាញច្បាប់និងវិស័យដឹកជញ្ជូន បង្ហាញភាពមន្ទិលខាងផ្លូវច្បាប់។ និងថា ផែនការនេះទំនងមិនអាចអនុវត្តទៅរួចហើយ។
ក្រុមអ្នករិះគន់និយាយថា អាជ្ញាធរក្រុងហាក់ផ្ដោតទៅលើការហាមម៉ូតូ ជាជាងស្វែងរកដំណោះស្រាយពិតប្រាកដ។
តួលេខឆ្នាំទៅមិញពីប៉ូលិសបង្ហាញថា ក្រុងហាណូយដែលមានប្រជាជនរស់នៅ ៧,៦លាននាក់ មានម៉ូតូជាង ៥លានគ្រឿង និងរថយន្ត ៥សែន ៥ម៉ឺនគ្រឿង។
ទិន្នន័យបង្ហាញថា ចំនួនរថយន្តផ្ទាល់ខ្លួនកើនឡើង ៤,៦ភាគរយរៀងរាល់ឆ្នាំ ចំណែកឯដីធ្វើចរាចរណ៍នៅក្នុងទីក្រុងហាណូយត្រូវបានពង្រីតែ ០,៤ភាគរយ ក្នុងមួយឆ្នាំ។
ទីក្រុងមួយទៀតរបស់វៀតណាម គឺទីក្រុងហូជីមិញ ក៏កំពុងគិតគូរផែនការប្រហាក់ប្រហែលគ្នានេះដែរ។ ទីក្រុងហូជីមិញ សព្វថ្ងៃ មានរថយន្តចំនួន ៦២ម៉ឺនគ្រឿង និងម៉ូតូ ៧លាន ២សែនគ្រឿង៕