មន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងមួយនេះ នឹងបើកឱកាស សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការរវាង សហភាពអឺរ៉ុប និងវៀតណាម ដូច្នេះហើយ វៀតណាម នឹងបន្តពង្រឹងបរិយាកាសវិនិយោគឲ្យកាន់តែប្រសើរឡើង និងបញ្ចប់ក្របខ័ណ្ឌច្បាប់ សម្រាប់ការវិនិយោគនិងពាណិជ្ជកម្ម ព្រមទាំងរក្សាឲ្យបាននូវ សិទ្ធិស្របច្បាប់ សម្រាប់វិនិយោគិន ក្នុងគោលបំណងទាញយកប្រយោជន៍ឲ្យបានពេញលេញពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តនេះ។
ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយនេះ ជាការបើកឱកាសឲ្យក្រុមហ៊ុនអឺរ៉ុប អាចឈានជើងចូលទីផ្សារដែលកំពុងតែលូតលាស់ ដូចជាប្រទេសវៀតណាម ហើយពួកគេក៏អាចចូលទៅវិនិយោគ នៅក្នុងប្រទេសវៀតណាម ដោយមានឱកាសស្មើៗគ្នាជាមួយវិនិយោគក្នុងស្រុក។
នៅក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាង វៀតណាម និងសហភាពអឺរ៉ុប បានកើនឡើង ១៣ដង ពោលគឺចាប់ពី ៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០០០ មកដល់ ៥៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩។
លើសពីនេះ ក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២០នេះ ប្រទេសចំនួន ២៦ ក្នុងចំណោម ២៧ប្រទេសនៅក្នុងសហភាពអឺរ៉ុប បានបោះទុនវិនិយោគជាង ២១ពាន់លានដុល្លារ នៅក្នុងគម្រោងចំនួន ២ពាន់គម្រោងក្នុងប្រទេសវៀតណាម។
យ៉ាងណាក៏ដោយ វិបត្តិកូវីដ-១៩ បានសាយភាយឥទ្ធិពលអាក្រក់ដល់ ជំនួញពាណិជ្ជកម្មរវាងភាគីទាំង ២ ដោយក្នុងឆមាសទី ១ ឆ្នាំនេះ វៀតណាមនាំចេញទំនិញទៅកាន់ សហភាពអឺរ៉ុបបានត្រឹម ១៦ពាន់លានដុល្លារអាមេរិក ថយចុះ ៨,៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
មន្រ្តីជាន់ខ្ពស់មកពី សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅប្រទេសវៀតណាម បានបញ្ជាក់ថា វៀតណាម មានភាពរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ប៉ុន្តែ ទីផ្សារអឺរ៉ុប គឺមានតម្រូវការខ្ពស់ណាស់ ដូច្នេះហើយ អ្នកនាំចេញវៀតណាម ត្រូវតែបំពេញទៅតាមស្តង់ដារនៃដំណើរការគ្រប់គ្រង ស្តង់ដារអនាម័យ និងសុវត្ថិភាពចំណីអាហារ ជាពិសេស បង្ហាញពីទិន្នន័យដោយតម្លាភាព អំពី ការប្រើប្រាស់កម្លំាងពលកម្ម និងបរិយាកាសការងារ។
គួរជម្រាបដែរថា ចាប់ពីពេលនេះទៅ វៀតណាម បានក្លាយជាសមាជិកទី ៧៧ ដែលបានធ្វើជំនួញពាណិជ្ជកម្មជាមួយ សហភាពអឺរ៉ុប ក្នុងលក្ខខណ្ឌអនុគ្រោះពិសេស ដែលព្រមព្រៀងដោយទេ្វភាគី៕