លោក ដុន ឡាំ (Don Lam) នាយកប្រតិបត្តិ និងជាដៃគូស្ថាបនិកក្រុមហ៊ុន VinaCapital Group បានអះអាងប្រាប់សារព័ត៌មាន Vietnam News ថា តាមរយៈសូចនាករសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣ គឺបានបង្ហាញឱ្យឃើញថា ឆ្នាំ២០២៤ គឺជាឆ្នាំដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចវៀតណាម ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃផលិតកម្ម និងតម្រូវការរបស់អ្នកប្រើប្រាស់។ លើសពីនេះការធ្លាក់ចុះនៃអត្រាការប្រាក់ពេញមួយឆ្នាំ២០២៣ វានឹងជួយជំរុញទីផ្សារអចលនទ្រព្យ បន្ទាប់ពីបានជួយគាំទ្រទីផ្សារភាគហ៊ុនកាលពីឆ្នាំមុន។
អ្នកជំនាញរូបនេះជឿជាក់ថា កំណើនអត្រាផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងកើនឡើងក្នុងរង្វង់ពី៦ ទៅ៦,៥% នៅឆ្នាំ២០២៤ ខណៈកាលពីឆ្នាំមុន គឺបានត្រឹម៥,១% ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃការនាំចេញ ដែលរំពឹងមានកំណើន៧%នៅឆ្នាំ២០២៤។ តម្រូវការផលិតផល ដែល ផលិតនៅវៀតណាម ជាពិសេសគ្រឿងអេឡិចត្រូនិក នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបបានចាប់ផ្តើមងើបឡើងវិញរួចហើយ ទំនងជានឹងកើនឡើងរហូតដល់ឆ្នាំ២០២៤ ។
ដោយឡែក ទីផ្សារហ៊ុនវៀតណាម ត្រូវបានអ្នកជំនាញរូបនេះរំពឹងថា នឹងកើនឡើងពី១០ទៅ១៥ % ដែលជំរុញដោយកំណើនប្រាក់ចំណូលពីវិស័យធនាគារ១៨% និងផលិតផលប្រើប្រាស់ទូទៅប្រមាណ៣៣% ហើយអត្រាប្តូរប្រាក់វៀតណាមធៀបនឹងដុល្លារ ក៏នឹងមានស្ថិរភាព។
ដោយឡែកលោក ល្វីជី សាន់តូរ៉ូ (Luigi Santoro) នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Ariston វៀតណាម បានឲ្យដឹងថា បន្ទាប់ពីប្រឈមមុខនឹងបញ្ហាប្រឈមនៅក្នុងស្រុកច្រើន និងការផ្លាស់ប្តូរនូវទិដ្ឋភាពសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០២៣ សេដ្ឋកិច្ចវៀតណាម បានស្ទុះងើបឡើងវិញ ដោយអត្រាអតិផរណាកំពុងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន និងមានស្ថិរភាព។
អ្នកជំនាញរូបនេះជឿជាក់ថា នៅឆ្នាំ២០២៤នេះ វៀតណាមអាចនឹងទប់ទល់នឹងផលប៉ះពាល់នៃបញ្ហាសកល និងឧបសគ្គក្នុងស្រុក ដែលជាសញ្ញានៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកាន់តែច្បាស់របស់វៀតណាម៕
ដោយៈ សរ សុជាតិ