
ប្រទេសចិន បានក្លាយជា វិនិយោគិនធំលំដាប់ទី ២ នៅក្នុងប្រទេសវៀតណាម ដែលមានទុនវិនិយោគ ស្មើនឹង ១៥% នៃទុនវិនិយោគចុះបញ្ជីសរុបរបស់ វិនិយោគិនបរទេស ខណៈដែរ ប្រទេសកូរ៉េខាងត្បូង ឈរលើលំដាប់ថ្នាក់លេខ ១ ជាមួយទុនវិនិយោគជាង ២,៩ ពាន់លានដុល្លារអាមេរិក។
នៅក្នុង ១១ខែដំបូង ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម ទទួលបានការវិនិយោគពីក្រៅប្រទេស ដែលបានចុះបញ្ជី ជាង ១៤ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
របាយការណ៍ជាច្រើនចេញពី ក្រុមហ៊ុនប្រឹក្សាពិគ្រោះយោបល់ សុទ្ធតែបានអះអាង ជម្លោះពាណិជ្ជកម្មសកលរវាងអាមេរិក និងចិន ជាកត្តារុញច្រានការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម មកកាន់ប្រទេសវៀតណាម។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើន ក៏បានបញ្ជាក់ថា ប្រទេសចិន អាចនឹងផ្លាស់ប្តូរទីតាំង ក្រុមហ៊ុនវិនិយោគ ដែលចំណាយកម្លាំងពលកម្មច្រើន និងការវិនិយោគដែលប៉ះពាល់ដល់បរិស្ថាន ឲ្យចេញទៅក្រៅប្រទេសក្នុងតំបន់ ដូចជា វៀតណាមជាដើម ដើម្បីជំនួសមកវិញនូវ ក្រុមហ៊ុន ដែលមានបច្ចេកវិទ្យាទំនើបៗ។
តាមប្រវត្តិ នៃការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងប្រទេសវៀតណាម គឺ ចិន ឈរលំដាប់ទី ៣ នៅឡើយទេ ដែលមានត្រឹមតែ ១៥ពាន់លានដុល្លារអាមេរិក ខណៈដែល កូរ៉េខាងត្បូង ឈរលេខ ១ មានទុនចុះបញ្ជីរហូតដល់ ៦៦ពាន់លានដុល្លារ និងជប៉ុន ឈរលេខ ២ មានទុនប្រមាណ ៥៩ពាន់លានដុល្លារអាមេរិក៕