ពលរដ្ឋវៀតណាមរស់នៅបរទេសកាន់តែច្រើនមានការចាប់អារម្មណ៍កាន់តែខ្លាំងលើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅវៀតណាម ដោយសារពួកគេមើលឃើញពីឱកាសក្នុងការទទួលបានប្រាក់ចំណេញ ស្របពេលតម្លៃអចលនទ្រព្យក្នុងប្រទេសនេះស្ថិតក្នុងតម្លៃមួយសមរម្យ បើធៀបនឹងតម្លៃអលចនទ្រព្យនៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅ។ ជាក់ស្តែងលោក ហារី ង្វៀន ពលរដ្ឋវៀតណាមម្នាក់រស់នៅប្រទេសអូស្ត្រាលី បានជះលុយជាង១២ម៉ឺនដុល្លារអាម៉េរិកទិញអាផាតមិនទំហំ១០០ម៉ែត្រការ៉េនៅទីក្រុងដាណាងប្រទេសវៀតណាម។
លោកបានចាត់ទុកការទិញអាផាតមិននេះ គឺជាការវិនិយោគ«ដ៏ល្អ»មួយសម្រាប់លោក ព្រោះថាផ្ទះអាផាតមិន ក្នុងទំហំដូចគ្នានេះមានតម្លៃប្រហែលជាង១លានដុល្លារ នៅក្នុងទីក្រុងហុងកុង ហើយមានតម្លៃ៤០ម៉ឺនដុល្លារ នៅប្រទេសអូស្ត្រាលី និងមានតម្លៃ៣០ម៉ឺនដុល្លារ នៅប្រទេសហ្វីលីពីន។ លើសពីនេះលោកអាចអាចរស់នៅក្នុងផ្ទះនោះ ឬក៏អាចជួលក្នុងតម្លៃប្រហែលជាង១ពាន់ដុល្លារក្នុងមួយខែ។
ចំណែកជនជាតិវៀតណាមម្នាក់ទៀតរស់នៅប្រទេសសិង្ហបុរី គឺលោក ហ៊ុង ទ្រីញ បាននិយាយថា លោកនិងជនជាតិវៀតណាមនៅបរទេសជាច្រើន ដែលលោកស្គាល់នៅប្រទេសនេះបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអចលនទ្រព្យនៅវៀតណាម ក្រោយពួកគេមើលឃើញថា តម្លៃអលចនទ្រព្យនៅវៀតណាមបច្ចុប្បន្នមានអំណោយផលខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ។
បើតាមក្រសួងសំណង់នៅវៀតណាម លោក ហារី និងលោក ហ៊ុង គឺស្ថិតនៅក្នុងចំណោមជនបរទេស និងជនជាតិវៀតណាមនៅបរទេសប្រហែល៤លាននាក់ ដែលកំពុងស្វែងរកទិញអចលនទ្រព្យនៅវៀតណាម សម្រាប់ស្នាក់នៅ និងវិនិយោគ។ ការស្ទង់មតិនាពេលថ្មីៗនេះដោយក្រុមហ៊ុនប្រឹក្សាយោបល់ពីអចលនទ្រព្យ CBRE បានបង្ហាញថា ទីផ្សារអចលនទ្រព្យនៅវៀតណាម បានជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីប្រទេសឥណ្ឌា ដែលមានភាពទាក់ទាញខ្លាំងជាងគែនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
អត្ថបទ៖ សុខ ជា