ក្រុមហ៊ុន VinFast ប្រកាសឱ្យដឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួនបានដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រ ឬហៅថា IPO នៅសហរដ្ឋអាមេរិក ក្នុងបញ្ជីរបស់ផ្សារភាគហ៊ុន Nasdaqរួចហើយ ក្រោមឈ្មោះសម្គាល់ «VFS» ដើម្បីស្វែងរកទុនបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងគម្រោងសង់រោងចក្រនៅរដ្ឋ North Carolina ដែលអាចផលិតរថយន្តអគ្គិសនីបានដល់ ១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ នៅដំណាក់កាលដំបូង។
សម្រាប់ការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន VinFast នេះ នឹងធ្វើឡើងតាមរយៈក្រុមហ៊ុន Singapore public limited ក្រោមការចុះបញ្ជីឈ្មោះថា VinFast Auto Ltd។ តែយ៉ាងណា ចំនួនភាគហ៊ុនដែលត្រូវបោះផ្សាយ និងតម្លៃលក់ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។
លោកស្រី Le Thi Thu Thuy ប្រធានប្រតិបត្តិ VinFast បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃទី៧ ខែធ្នូនេះថា ការវាយតម្លៃ ឬទំហំ នៃការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនខ្លួន នឹងផ្អែកតាមស្ថានភាពទីផ្សារ។ ក្រុមហ៊ុននឹងងបន្តតាមមើលឱកាសសម្រាប់ការបង្កើនទុននាពេលខាងមុខ ខណៈផ្សារភាគហ៊ុននេះ នឹងដឹងកាន់តែច្បាស់ថែមទៀតរបស់ប្រេន VinFast។
យ៉ាងណាក៏ដោយ បើតាមក្រុមហ៊ុន VinFast បញ្ជាក់ថា ការបោះផ្សាយលក់មូលបត្រនេះ គឺវាគ្រាន់តែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើន ដើម្បីបង្កើនមូលនិធិរបស់ខ្លួន។ កាលពីខែកក្កដាកន្លងទៅ VinFast បានលក់សញ្ញាបណ្ណឱ្យធនាគារស្វីស Credit Suisse និងធនាគារអាមេរិក Citigroup ដើម្បីបង្កើនទុនយ៉ាងហោចណាស់ ៤ពាន់លានដុល្លារ ដើម្បីសង់រោងចក្ររថយន្តអគ្គិសនីនេះ។
គួរដឹងថា ក្រុមហ៊ុន VinFast កំពុងពង្រីកខ្លួនយ៉ាងលឿនចូលក្នុងទីផ្សារអាមេរិក ជាពិសេសមានបំណងប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្ស Tesla តាមរយៈការបញ្ចេញរថយន្តអគ្គិសនី VF8 និង VF9 ជាដើម។ កាលពីចុងខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន VinFast បានបញ្ជូនលើកដំបូងនូវរថយន្ត ៩៩៩គ្រឿង ទៅកាន់សហរដ្ឋអាមេរិក ដែលជាសញ្ញាបង្ហាញពីការវាយលុកចូលទីផ្សារប្រទេសមហាយក្សសេដ្ឋកិច្ចលេខ១ក្នុងពិភពលោកមួយនេះ។
បើតាម VinFast ឱ្យដឹងថា ក្រុមហ៊ុននេះទទួលបានការបញ្ជាទិញរថយន្តប្រមាណ ៦ម៉ឺន ៥ពាន់គ្រឿងនៅទូទាំងពិភពលោក និងរំពឹងថា អាចលក់រថយន្តអគ្គិសនីបានដល់ ៧៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០២៦៕
អត្តបទ ៖ នៅ សំភី