អ្នកនាំពាក្យក្រុមហ៊ុន VinFast បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាប្រេនថ្មីមួយដែលទើបតែបានចូលទីផ្សារអាមេរិកនេះ គឺនៅពេលមានប្រេនដទៃ បានកាត់បន្ថយតម្លៃរថយន្តរបស់ពួកគេ នោះក្រុមហ៊ុនខ្លួនក៏ត្រូវតែធ្វើប្រម៉ូសិនដូចគ្នាផងដែរ ដើម្បីធានាដល់ភាពប្រកួតប្រជែង។ ទោះយ៉ាងណា ក្រុមហ៊ុនរថយន្តវៀតណាមនេះ នឹងប្រកាសពីការបញ្ចុះតម្លៃ ក្រោយពិចារណានូវជម្រើសកម្មវិធីប្រូមូសិនសមរម្យមួយរួចរាល់។
អ្នកនាំពាក្យដដែលបន្តថា ក្រុមហ៊ុន VinFast បានដឹកជញ្ជូនជាលើកដំបូងនូវរថយន្តអគ្គិសនីចំនួន ៩៩៩គ្រឿង ទៅសហរដ្ឋអាមេរិក កាលពីចុងខែវិច្ឆិកាកន្លងទៅ ហើយគ្រោងនឹងប្រគល់ជូនអតិថិជននៅក្នុងខែមករានេះ។
សូមជម្រាបថា ក្រុមហ៊ុន VinFast របស់វៀតណាមកំពុងតែពង្រីកខ្លួនចូលក្នុងទីផ្សារអាមេរិក ដែលមានគោលដៅប្រកួតប្រជែងធំបំផុតជាមួយក្រុមហ៊ុន Tesla លើប្រភេទរថយន្តអគ្គិសនី។ ក្នុងនោះរថយន្ត២ម៉ូឌែលរបស់ VinFast ដែលដាក់លក់នៅអាមេរិក គឺ VF8 មានតម្លៃចាប់ពី ៥ម៉ឺន ៩ពាន់ដុល្លារ និង VF9 មានតម្លៃចាប់ពី៨ម៉ឺន ៣ពាន់ដុល្លារ។
រថយន្តអគ្គិសនី២ម៉ូឌែលរបស់ VinFast នេះ ទំនងជាស្ថិតក្នុងបញ្ជីប្រូមូសិន ខណៈក្រុមហ៊ុន Tesla កំពុងផ្តល់នូវការលក់បញ្ចុះតម្លៃលើរថយន្ត Model Y ក្នុងទីផ្សារអាមេរិក ពីជិត ៦ម៉ឺន ៦ពាន់ដុល្លារ មកនៅត្រឹមជិត ៥ម៉ឺន ៣ពាន់ដុល្លារប៉ុណ្ណោះ។
គួរដឹងថា ក្រុមហ៊ុន VinFast ទទួលបានការបញ្ជាទិញរថយន្តប្រមាណ ៦ម៉ឺន ៥ពាន់គ្រឿងនៅទូទាំងពិភពលោក និងរំពឹងថា អាចលក់រថយន្តអគ្គិសនីបានដល់ ៧៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០២៦។
ជាមួយគ្នានេះ VinFast ក៏កំពុងដំណើរការសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅរដ្ឋខារ៉ូលីណាខាងជើង (North Carolina) សហរដ្ឋអាមេរិកផងដែរ ខណៈដែលកំពុងរង់ចាំការអនុម័តបទប្បញ្ញត្តិចុងក្រោយពីមន្ត្រីមូលដ្ឋាននៅទីនោះ។
ក្រុមហ៊ុន VinFast រំពឹងថា នឹងអាចចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងរោងចក្រនេះចាប់ពីខែកក្កដា ឆ្នាំ២០២៤ ហើយរថយន្តអគ្គិសនីដែលបានផលិតនៅទីនោះ នឹងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលបានការលើកទឹកចិត្តក្រោមលក្ខខណ្ឌនៃច្បាប់កាត់បន្ថយអតិផរណា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន៕
អត្ថបទ ៖ នៅ សំភី