នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមនេះ គ្រោងនឹងដឹកជញ្ជូនរថយន្តអគ្គីសនីដំបូងរបស់ខ្លួនទៅកាន់អឺរ៉ុបនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីស្ថាប័នបញ្ញត្តិកម្មរបស់អឺរ៉ុប។ នៅក្រោមផែនការនេះ រថយន្តអគ្គីសនីប្រហែល៣ពាន់គ្រឿង ដែលភាគច្រើនជាមូដែល Crossovers VF8 នឹងត្រូវដឹកបញ្ជូនទៅកាន់ទីផ្សារនៅប្រទេសបារាំង អាល្លឺម៉ង់ និងហូឡង់នៅក្នុងរង្វង់ត្រីមាសទី៤ឆ្នាំនេះពីរោងចក្ររបស់ VinFast នៅភាគខាងជើងប្រទេសវៀតណាម។
ប្រភពសុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថា ផែនការរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជី Nasdaq ដែលជាក្រុមហ៊ុនសារជីវកម្មហិរញ្ញវត្ថុនៅអាមេរិក គឺដើម្បីពង្រីកទៅកាន់ទីផ្សារទ្វីបអឺរ៉ុប។ ផែនការនេះមានការកើនឡើងបួនដងបើធៀបនឹងគោលដៅ ដែលមិនបានសម្រេចពីមុនក្នុងការចែកចាយរថយន្តចំនួន៧០០គ្រឿងកាលពីខែកក្កដាឆ្នាំមុន ហើយវាបានកើតឡើងស្របពេលដែលសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់ចិន ដែលកំពុងតែបង្កើតគម្លាតនៃតម្រូវការនៅក្នុងទីផ្សារ។
ប្រសិនបើផែនការនេះដំណើរការទៅមុខសម្រេចបាន អឺរ៉ុបនឹងក្លាយជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ VinFast នៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុននេះបានដឹកជញ្ជូនរថយន្តអគ្គីសនីប្រហែល ២ពាន់១រយគ្រឿងទៅកាន់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំ។
លោកស្រី ឡេ ធី ធូធុយ( Le Thi Thu Thuy) នាយកប្រតិបត្តិក្រុមហ៊ុន VinFast បាននិយាយថា ក្រុមហ៊ុនលោករំពឹងថានឹងផ្តល់ម៉ូដែល VF8 ដំបូងដល់អតិថិជនបារាំង អាឡឺម៉ង់ និងហូឡង់ក្នុងត្រីមាសទី៤ឆ្នាំនេះ ជាមួយការត្រៀមបន្ថែមថាម៉ូដែលផ្សេងទៀតដូចជា VF6, VF7, និង VF9 ទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយ។
លោកស្រី មិនបានបង្ហាញពីចំនួនរថយន្តស្ព័រ VF8 (SUVs) នោះទេ ប៉ុន្តែអ្នកដែលដឹងពីបញ្ហានេះបាននិយាយថា វានឹងមានបរិមាណប្រហែលជា៣ពាន់គ្រឿង ហើយក្រៅពីអឺរ៉ុប ក៏នឹងមានការនាំចេញទៅអ៊ីស្រាអែលផងដែរ។ រថយន្ត VF8 SUV បានទទួលការយល់ព្រមដោយនិយ័តករអឺរ៉ុបរួចហើយ ហើយវាជាផលិតផលដែលអនុលោមតាមស្តង់ដារសហភាពអឺរ៉ុប ដែលអាចលក់បាននៅក្នុងប្លុក២៧ប្រទេសនេះ។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនក៏កំពុងបំពេញនីតិវិធីដើម្បីទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Euro NCAP ផងដែរ។
នៅពេលនេះអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន ដែលបានដឹកជញ្ជូនរថយន្តអគ្គីសនីជិត៧ម៉ឺនគ្រឿងក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ប៉ុន្តែនៅពេលនេះអឺរ៉ុបកំពុងតែបើកការសើបអង្កេតលើក្រុមហ៊ុនផលិតរថយន្តចិន ដែលនេះជាឱកាសសម្រាប់ក្រុមហ៊ុន VinFast។
នៅពេលនេះសម្រាប់ទីផ្សារនៅបារាំងគេដឹងថា រថយន្ត VinFast ម៉ូដែល VF8 មានតម្លៃ ប្រមាណជា៥ម៉ឺន៤ពាន់២១៨ដុល្លារ ខណៈម៉ូដែល Tesla Y ផលិតនៅប្រទេសចិន ដែលកំពុងរងសំពាធពន្ធគយរបស់សហភាពអឺរ៉ុបគឺមានតម្លៃចាប់ពី៤ម៉ឺន៩ពាន់ដុល្លារ៕