លោក ង្វៀន សួនហ្វ៊ក នាយករដ្ឋមន្រ្តីវៀតណាម បានគូសបញ្ជាក់ថា តាមរយៈប្រទេសវៀតណាម ក្រុមហ៊ុនជប៉ុន អាចឈានជើងចូលទីផ្សារអាស៊ាន ដែលមានប្រជាជនជាង ៦៥០លាននាក់ ហើយលោកក៏ស្វាគមន៍ ក្រុមហ៊ុនជប៉ុនទាំង ១៥ដំបូង ក្នុងចំណោម៨៧ក្រុមហ៊ុន ដែលរដ្ឋាភិបាលជប៉ុន ជំរុញឲ្យពួកគេផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិនមកកាន់វៀតណាមវិញ។
លោក យ៉ាម៉ាដា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា វិនិយោគិនជប៉ុនជាច្រើនចាប់អារម្មណ៍ប្រទេសវៀតណាមជាគោលដៅវិនិយោគថ្មីក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ។
លោក យ៉ាម៉ាដា ក៏បានស្នើឲ្យវៀតណាម បើកដំណើរការជើងហោះហើររវាងប្រទេសទាំងពីរឡើងវិញ និងខិតខំពង្រឹងការចំណាយមូលនិធិសាធារណៈ ទៅលើគម្រោងអភិវឌ្ឍន៍សំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។
តំណាងមកពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ក៏បានស្នើដល់វៀតណាម ឲ្យបង្កើតវិធានការលើកទឹកចិត្តចំពោះសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើគំរូភាពជាដៃគូរដ្ឋ និងឯកជន និងអនុញ្ញាតឲ្យ ក្រុមហ៊ុនជប៉ុនបង្កើនភាគហ៊ុន នៅក្នុងសាជីវកម្មដែលគ្រប់គ្រងដោយរដ្ឋ។
ទាក់ទិននឹងកង្វល់នេះ នាយករដ្ឋមន្រ្តីវៀតណាម បានឆ្លើយតបភ្លាមៗវិញថា លោកនឹងចាត់រដ្ឋមន្រ្តី និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ឲ្យសម្រួលដល់បញ្ហានេះ និងធានាថាវៀតណាម នឹងបង្កើតបរិយាកាសវិនិយោគដ៏ល្អបំផុត សម្រាប់វិនិយោគិនជប៉ុន។
នៅក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២០នេះ ប្រទេសជប៉ុន ជាវិនិយោគិនធំជាងគេលំដាប់ទី ៤ នៅក្នុងប្រទេសវៀតណាម ដែលមានទុនចុះបញ្ជីជាង ១,៦ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ដែរថា វៀតណាម បានកំណត់គោលដៅទាក់ទាញការវិនិយោគពីក្រៅប្រទេសប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ ដែលវាទាបជាងលទ្ធផលសម្រេចបាន កាលពីឆ្នាំ ២០១៩កន្លងទៅ សរុបប្រមាណ ៣៨ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែវាត្រូវបានអ្នកជំនាញចាត់ទុកថា ជា លទ្ធផលដ៏ល្អបំផុត ដែលអាចធ្វើបានអំឡុងពេលកូវីដ-១៩នេះ៕