ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា ក្រសួងបានទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម ដើម្បីប្រមូលព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងមានការប្រតិកម្មណាមួយទៅលើប្រទេសវៀតណាម។ យ៉ាងណាមិញ កម្ពុជា ក៏កំពុងរង់ចាំការការឆ្លើយតបពីភាគីវៀតណាម ផងដែរ ជុំវិញរឿងរ៉ាវចម្លងរចនាបថប្រាសាទអង្គរវត្តខ្មែរនេះ។
ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ក្រសួងពុំមានការអនុញ្ញាត ឬផ្ដល់សិទ្ធិ ឱ្យប្រទេសណាមួយ សាងសង់ប្រាសាទខ្មែរនោះទេ។ អ្នកនាំពាក្យរូបនេះ បន្តថា បច្ចុប្បន្ន ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា កំពុងបន្តតាមដានលើរឿងនេះ ហើយបើសិន ក្នុងករណីរកឃើញថា វៀតណាម ពិតជាបានលួចចម្លងប្រាសាទខ្មែរ ពិតមែន ក្រសួងនឹងមានចំណាត់ការការទូត។ ក៏ប៉ុន្តែ អ្នកនាំពាក្យនៃក្រសួងវប្បធម៌ ក៏បានបង្ហាញពីភាពជឿជាក់ដែរថា សំណង់ប្រាសាទបុរាណខ្មែរ មិនមែនងាយស្រួលសាងសង់នោះទេ ហើយមិនមែនអ្នកណាក៏អាចតែធ្វើបានដែរ ដូច្នេះ មុននឹងមានការប្រតិកម្ម កម្ពុជា ក៏ត្រូវមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ជាមុនសិនដែរ។
យ៉ាងណាក៏ដោយ បន្ទាប់ពីការបង្ហោះនូវវីឌីអូ និងរូបភាព មួយចំនួន ទាក់ទងសំណង់ប្រាសាទ នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម ដែលមានគំរូដូចនឹងប្រាសាទខ្មែរ នាពេលថ្មីៗនេះ មានប្រជាជនខ្មែរ ពិសេសអ្នកចូលចិត្តលេងបណ្ដាញសង្គម យ៉ាងច្រើន បានបង្ហាញប្រតិកម្មយ៉ាងខ្លាំងទៅនឹងប្រទេសវៀតណាម ។
ឯកឧត្តម ឡុង ប៉ុណ្ណាសិរីវត្ថ បានគូសបញ្ជាក់ដូច្នេះ រឿងចម្លងប្រាសាទខ្មែរនេះ មិនមែនជាលើកទីមួយនោះទេ ខណៈកន្លងមក ក៏មានព័ត៌មានផ្សព្វផ្សាយថា ប្រទេសថៃបានលួចចម្លងសាងសង់ប្រាសាទអង្គរវត្តក្នុងប្រទេសរបស់ខ្លួនដែរ។ ប៉ុន្តែ ជុំវិញបញ្ហានេះ ភាគីថៃ បានឆ្លើយតបមកមកកម្ពុជាវិញថា ខ្លួនមិនបានចម្លងប្រាសាទអង្គរពីប្រទេសកម្ពុជា នោះទេ ខណៈរហូតមកដល់បច្ចុប្បន្ន ប្រាសាទខ្មែរមួយចំនួនក៏មានវត្តមាននៅប្រទេសថៃ ដែរ។ តែយ៉ាងណា ក្រសួងនៅតែបន្តតាមដាន និងស្រាវជ្រាវបន្ថែម លើករណីពាក់ព័ន្ធប្រទេសថៃចម្លងរចនាបថប្រាសាទអង្គរវត្ត របស់ខ្មែរនេះ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕