បើទោះបីជា ស្ថានភាពកូវីដ-១៩ រាតត្បាត ប៉ុន្ដែកំណើនGDP របស់វៀតណាមនៅឆមាសទី១ ឆ្នាំ២០២១នៅតែសម្រេចបានកំណើន៥,៦%។ ដោយឡែក នៅឆមាសទី២នេះ ត្រូវបានព្យាករថានឹងកើនដល់ ៦% ទៅ៦,៥% ទៀត។ ប៉ុន្ដែ ការព្យាករថ្មីៗនេះ ហាក់កំពុងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ នៅចំពេលដែលស្ថានភាពកូវីដ-១៩នៅវៀតណាមនៅរយៈពេលចុងក្រោយនេះ មានការហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។
តាមការព្យាករពីសំណាក់រដ្ឋាភិបាលវៀតណាម នៅក្នុងសេណារីយ៉ូទី១ សេដ្ឋកិច្ចវៀតណាមអាចនឹងកើន ៦% ប្រសិនបើស្ថានភាពរលកឆ្លងកូវីដ-១៩ ត្រូវបានគ្រប់គ្រងបាននៅក្នុងខែកក្កដា ហើយមិនមានការផ្ទុះរាលដាលទ្រង់ទ្រាយធំថ្មីទៀតនៅក្នុងទីតាំងសួនឧស្សាហកម្ម និងទីក្រុងធំៗ។ នេះបើអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងផែនការ និងវិនិយោគវៀតណាម។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះបន្ថែមទៀតថា សម្រាប់សេរណារីយ៉ូទី២ សេដ្ឋកិច្ចវៀតណាម អាចនឹងកើនដល់ ៦,៥% ប្រសិនបើរលកឆ្លងកូវីដ-១៩អាចគ្រប់គ្រងបាននៅក្នុងខែមិថុនា ប៉ុន្ដែ វាគឺមានការប្រឈមច្រើនណាស់ចំពោះគោលដៅនេះ ខណៈដែលស្ថានភាពឆ្លងរាលដាលកូវីដ-១៩ នៅតែមានភាពស្មុគស្មាញ។
មានកត្តាប្រឈមផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ចវៀតណាម នៅក្នុងរយៈពេល៦ខែទៅមុខទៀតនេះ រួមមានការឡើងថ្លៃ អចលនវត្ថុ មុខទំនិញ សម្ភារ និងការចំណាយដឹកជញ្ជូនឡើងថ្លៃជាដើម។
សូមបញ្ជាក់ថា នៅ៦ខែដំបូងនៅឆ្នាំ២០២១ ចំណូលរដ្ឋាភិបាលវៀតណាមបានកើនឡើងជាង១៥% ខណៈដែលការនាំចេញបានហក់ឡើងជាង២៨% ដោយមានទឹកប្រាក់សរុបជិត១៦០ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្នវៀតណាម មានអ្នកឆ្លងកូវីដ-១៩សរុបជិត២ម៉ឺននាក់ហើយ និងមានអ្នកស្លាប់ជាង៨០នាក់ ខណៈដែលចំនួនប្រជាជនប្រមាណជាង៣លាន៨សែននាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយក្នុងនោះ មានជិត២២ម៉ឺននាក់បានចាក់គ្រប់ចំនួន២ដូស៕