សារព័ត៌មាន Vietnam News បានរាយការណ៍ថា ការនាំចេញគ្រឿងសមុទ្ររបស់វៀត ណាមនៅក្នុងឆ្នាំ២០២៣នេះ ទំនងជាមិនអាចបំបែកកំណត់ត្រានៃការនាំចេញនៅក្នុងឆ្នាំ២០២២បានទេ ដោយការនាំចេញនៅក្នុងឆ្នាំ២០២៣នេះ គឺអាចនឹងសម្រេចបានត្រឹម៩ពាន់លានដុល្លារ ដែលស្មើនឹងតួលេខក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ។ សមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាមបាននិយាយថា កាលពីឆ្នាំ២០២២ តម្លៃនៃការនាំចេញគ្រឿងសមុទ្រមានតម្លៃរហូតដល់ទៅ ១១ពាន់លានដុល្លារឯណោះ។
លោកស្រី ឃ្វៀន ធីធូសាក (Nguyễn Thị Thu Sắc) ប្រធានសមាគមនេះ បានអះអាងនៅ ក្នុងកិច្ចប្រជុំថ្មីៗថា ឧស្សាហកម្មគ្រឿងសមុទ្រវៀតណាមកំពុងតែប្រឈមនឹងស្ថានភាពអតិផរណាពិភពកាន់តែអាក្រក់ និងការអូសបន្លាយសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម។ល។
លោកស្រីបានអះអាងថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងសមុទ្រមានតម្លៃតែត្រឹមជាង៣ពាន់២រយលានដុល្លារ ពោលគឺធ្លាក់ចុះដល់ទៅជិត៣០ភាគរយ ដោយទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិកធ្លាក់៥០ភាគរយ សហភាពអឺរ៉ុបធ្លាក់៣២ភាគរយ និងចិនធ្លាក់ចុះ២៥ភាគរយ។
លោក ដូ ង៉ុកតៃ (Đỗ Ngọc Tài ) ប្រធានគណៈកម្មការសមាគមបង្គា បានអះអាងថា រយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញបង្គាធ្លាក់ចុះ៣៦ភាគរយ ដោយសារតែការរិតបន្តឹងការចំណាយ នៅតាមប្រទេសដែលជាទីផ្សារបង្គាវៀតណាម ដូចជាអាមេរិក អឺរ៉ុប ជប៉ុន ចិន និងកូរ៉េខាង ត្បូង តែនឹងអាចកើនឡើងចាប់ពីខែសីហាតទៅ ដោយសារតែនៅចុងឆ្នាំសំបូរបុណ្យ ផ្សេងៗ។ ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញបង្គារវៀតណាមធ្លាក់ចុះ ជិត៣៦ភាគរយ ត្រីធូណាជាង៣០ភាគរយ និងត្រីប្រាប្រមាណជាជិត៤០ភាគរយ។
ក្រៅពីបញ្ហាប្រឈមដែលបង្កឡើងដោយទីផ្សារនាំចូល អ្នកនាំចេញបង្គាវៀតណាមប្រឈមមុខនឹងការប្រកួតប្រជែងជាមួយបង្គាពីប្រទេសអេក្វាឌ័រ និងឥណ្ឌា ដោយសារតម្លៃផលិតកម្មខ្ពស់ ហើយគណៈកម្មការអឺរ៉ុបបានពិន័យ"កាតលឿង"ចំពោះសកម្មភាពនេសាទរបស់វៀតណាម៕
ដោយៈ សរ សុជាតិ