ការប្រកាសពីផែនការបិទរោងចក្ររបស់ Vingroup នេះ គឺធ្វើឡើង នៅចំពេលដែល ទីផ្សារផលិតទូរស័ព្ទស្មាតហ្វូន និងទូរទស្សន៍នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រកួតប្រជែងគ្នាខ្លាំងសម្បើមណាស់ គួបផ្សំនឹងមានវិបត្តិមេរោគឆ្លងកូវីដ-១៩ឆ្លងជាសកលផងនោះ បានធ្វើឲ្យតម្រូវការប្រើប្រាស់ផលិតផលទាំងនេះ ក៏មានការថយចុះជាងមុន។ ក្នុងកាលៈទេសៈនេះ ក្រុមហ៊ុនដែលមានសមត្ថភាពប្រកួតប្រជែងទាប ឬខ្សោយជាងគេកំពុងប្រឈមនឹងការបិទទ្វារកាន់តែច្រើន។
សារព័ត៌មាន VN Express បានរាយការណ៍ថា ក្រោយបង្កើតបាន៣ឆ្នាំ ក្រុមហ៊ុន VinSmart ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup នឹងងាកមកផ្ដោតលើការចាប់ផ្ដើមបង្កើតនូវលក្ខណៈពិសេសសម្រាប់រថយន្ដម៉ាក VinFast របស់ខ្លួន ដើម្បីអាចបង្កើននូវសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារសកលលោក។ ក្នុងន័យនេះ គឺក្រុមហ៊ុន VinSmart នឹងប្រលែងដៃពីការផលិតស្មាតហ្វូន និងទូរទស្សន៍របស់ខ្លួន ដោយងាកមកផ្ដោតលើការផលិតរថយន្ដវិញ ហើយផ្នែកខ្លះនៃរោងចក្រផលិតស្មាតហ្វូន និងទូរទស្សន៍របស់ក្រុមហ៊ុននេះ ក៏នឹងត្រូវយកប្រើប្រាស់សម្រាប់ការផលិតឧបករណ៍សម្រាប់រថយន្ដផងដែរ រីឯផ្នែកដែលនៅសល់ផ្សេងទៀត ក៏នឹងត្រូវពង្រីកបន្ថែម ដើម្បីបម្រើដល់ការផលិតឧបករណ៍ថ្មីៗជាច្រើនទៀត។ តាំងពីបង្កើតបាន៣ឆ្នាំ ក្រុមហ៊ុន VinSmart បានបង្កើតទូរស័ព្ទចំនួន ១៩ម៉ូដែល និងទូរទស្សន៍ចំនួន ៥ម៉ូដែលផងដែរ។
តាមការរាយការណ៍របស់សារព័ត៌មាន VN Express បានឲ្យដឹងទៀតថា សម្រាប់ទីផ្សារទូរទស្សន៍នៅវៀតណាម គេសង្កេតឃើញថា ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung និង LG គឺមានចំណែកទីផ្សារដល់ទៅ ៦០% ។ ដោយឡែក ម៉ាកទូរទស្សន៍របស់ក្រុមហ៊ុនជប៉ុន ដូចជា Panasonic ជាដើម បាននិងកំពុងខ្ទាតចេញពីទីផ្សារវៀតណាមកាន់តែឆ្ងាយទៅៗហើយ ដោយសារតែមិនអាចប្រកួតប្រជែងជាមួយនឹងម៉ាកផលិតផលពីកូរ៉េខាងត្បូង និងចិនបាន ពិសេសទាក់ទងនឹងបច្ចេកវិទ្យា និងតម្លៃ។
សូមបញ្ជាក់ថា មិនមែនតែ ក្រុមហ៊ុនVinSmart ទេ ដែលគ្រោងនឹងបញ្ចប់ផលិតកម្មស្មាតហ្វូនរបស់ខ្លួន ក្រុមហ៊ុនលំដាប់ពិភពលោក LG ថ្មីៗនេះ ក៏បានសម្រេចបិទចោលផលិតផលកម្មស្មាតហ្វូនរបស់ខ្លួនចោលដែរ ក្រោយពីក្រុមហ៊ុននេះ ខាតរាប់ពាន់លានដុល្លារអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា៕