លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា បាតុភូតថ្ងៃរះចំកំពូលកណ្តាល ប្រាសាទអង្គរវត្ត ឬហៅថាថ្ងៃសមរាត្រី ដែលជាថ្ងៃដែលយប់ និងថ្ងៃមានពេលស្មើគ្នា ដែលខុសពីខែធម្មតាខ្លះ យប់មានរយៈពេលវែងជាងពេលថ្ងៃ ឬថ្ងៃមានរយៈពេលវែងជាងយប់។ បាតុភូតអស្ចារ្យនេះគឺមានតែ ២ដងក្នុងមួយឆ្នាំប៉ុណ្តោះ ដែលអាចកើតមានក្នុងថ្ងៃណាមួយនៃចន្លោះថ្ងៃទី ២១ដល់២៣ ខែមីនា និង ចន្លោះថ្ងៃទី ២១ដល់២៣ ខែកញ្ញា។
សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត គឺជាសម្បត្តិបេតិកភណ្ឌជាតិពិភពលោក និងជាប្រាង្គប្រាសាទ ដ៏អស្ចារ្យល្អឯកគ្មានពីរលើកលោក។ ថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយស្ថាប័នទេសចរណ៍ដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។
តាមការសិក្សារបស់ស្ថាប័នអង់គ្លេសមួយនេះ ក្រៅតែពី ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា។ ចំណាត់បន្តបន្ទាប់ ដែលជាកន្លែងថតរូបថ្ងៃរះ និងលិចស្អាតជាងគេនោះ គឺនៅសហរដ្ឋអាមេរិក ឥណ្ឌា ឥណ្ឌូនេស៊ី និងអូស្ត្រាលីជាដើម៕
អត្ថបទ សោម ស្រីពេជ្រ